ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងកម្ពុជា និងថៃ បានចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ជុំវិញរឿងនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ដល់យោបល់ចំនួនពីរ ដល់ក្រុមអ្នកសង្កេតការណ៍ IOT ដើម្បីរកឱ្យឃើញអ្នករំលោភបទឈប់បាញ់។

តាមរយៈបណ្ដាញសង្គមផ្លូវការ នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ថ្ងៃនេះមានការរំលោភលើបទឈប់បាញ់ដោយប្រើកាំភ្លើងត្បាល់ និងកាំភ្លើងយន្ត។ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងខ្ញុំបានកោះប្រជុំបន្ទាន់ តាមអនឡាញណែនាំឲ្យកងទ័ពអត់ធ្មត់មិនតបត។ ក្រោយស្ងាត់កាំភ្លើងភាគីទាំងសងខាងចោទគ្នាទៅវិញទៅមកថា បានរំលោភលើបទឈប់បាញ់។ ភាគីទាំងសងខាងសុទ្ធតែបានប្តឹងទៅក្រុមអ្នកសង្កេតការណ៍ (IOT) ជាពិសេសកម្ពុជាបានសុំយ៉ាងទទូចដើម្បីឲ្យក្រុម IOT ចុះទៅពិនិត្យផ្ទាល់»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា ដើម្បីធានាសុចរិតភាព តម្លាភាព អព្យាក្រឹត្យភាព និងភាពជឿទុកចិត្តបាន ខ្ញុំសូមជូនយោបល់ទៅថ្នាក់ដឹកនាំកងទ័ពម៉ាឡេស៉ី ដែលជាប្រធាន និងសមាជិក មកពីបណ្តាប្រទេសអាស៊ាននៃក្រុម IOT ធ្វើនូវកិច្ចការពីរ៖ ១. ធ្វើកោសល្យវិច័យគ្រាប់ ព្រោះប្រទេសទាំងពីរមានប្រើគ្រាប់ខុសគ្នា។ និងទី២. ជាចំណុចសំខាន់ គឺចុះពិនិត្យដល់ទីតាំងគ្រាប់ធ្លាក់ គេនិងអាចដឹងបានថាគ្រាប់ចេញពីទិសដៅណា? បាញ់ពីកម្ពុជាទៅថៃ ឬបាញ់ពីថៃមកកម្ពុជា? គេមិនអាចទៅបង្វិលរណ្តៅគ្រាប់បានទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់កងទ័ពកម្ពុជារក្សាទុករណ្តៅគ្រាប់ឲ្យបានល្អ និងជួយបង្កលក្ខណៈឲ្យអ្នកសង្កេតការ IOT បានធ្វើកោសល្យវិច័យគ្រាប់ និងពិនិត្យរណ្តៅគ្រាប់ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់។
សម្ដេចតេជោ សង្ឃឹមថា ភាគីថៃនិងបង្ហាញនូវកាយវិការដូចគ្នា។ មាសសុទ្ធមិនខ្លាចភ្លើង ការបដិសេធណាមួយចំពោះការត្រួតពិនិត្យដោយអ្នកសង្កេតការណ៍ IOT មានន័យថា ខ្លួនជាអ្នកបាញ់រាប់ទាំងកម្ពុជា និងថៃ៕

