កម្ពុជា-ជប៉ុន នឹងចាប់ផ្តើមជើងហោះហើរត្រង់ថ្មី ពីរាជធានីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT)

សង្គម​ និង​សេដ្ឋកិច្ច

ជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន នឹងចាប់ផ្ដើមប្រតិបត្តិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ហើយជើងហោះហើរថ្មីនេះ នឹងតភ្ជាប់ពីរាជធានីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT) ប្រទេសជប៉ុន ដោយមានការឈប់រយៈពេលខ្លីនៅទីក្រុងហ្វ៊ូចូវ (FOC) ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ក្នុងជំនួបពិភាក្សាការងាររវាងឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជាមួយលោក KEVEN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា និងលោក MASATO TADOKORO តំណាងក្រុមហ៊ុន AVIAREPS Japan នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ លោក KEVEN LI តំណាងអាកាសចរណ៍ជាតិកម្ពុជា ព្រមទាំងតំណាងក្រុមហ៊ុន AVIAREPS Japan បានជម្រាបជូនអំពីជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន ដែលនឹងចាប់ផ្ដើមប្រតិបត្តិនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឆាប់ៗខាងមុខ ហើយជើងហោះហើរថ្មីនេះ នឹងតភ្ជាប់ពីរាជធានីភ្នំពេញ (KTI) ទៅទីក្រុងតូក្យូ (NRT) ប្រទេសជប៉ុន ដោយមានការឈប់រយៈពេលខ្លីនៅទីក្រុងហ្វ៊ូចូវ (FOC) ប្រទេសចិន។ ក្នុងនោះដែរ តំណាងក្រុមហ៊ុន ក៏បានស្នើសុំស្ថានទូត ជួយផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ឱ្យចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។

ទាក់ទងនឹងជើងហោះហើរថ្មីរវាងកម្ពុជានិងជប៉ុននេះ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពនៃដំណើរប្រតិបត្តិការរបស់អាកាសចរណ៍ជាតិកម្ពុជា និងគាំទ្រចំពោះការចូលរួមផ្សព្វផ្សាយព័ត៌មាននេះជូនដល់បងប្អូនសហគមន៍ខ្មែរនៅប្រទេសជប៉ុន និងមិត្តជប៉ុនទាំងអស់ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋខ្មែរ និងជប៉ុន ក៏ដូចជាជនបរទេសផ្សេងទៀត ចូលរួមគាំទ្រ និងធ្វើដំណើរជាមួយអាកាសចរណ៍ជាតិកម្ពុជា (AIR CAMBODIA)។

លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថា ជើងហោះហើរថ្មីនេះ គឺជាវឌ្ឍនភាពថ្មីនៃការពង្រីកការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់វិស័យទេសចរណ៍ និងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើឱ្យអាកាសចរណ៍ជាតិកម្ពុជា បន្តចរចារជាមួយភាគីជប៉ុន ដើម្បីទទួលបានការអនុញ្ញាតឱ្យក្រុមហ៊ុនអាចហោះហើរក្នុងពេលវេលាល្អ និងបង្កើនចំនួនហោះហើរត្រង់រវាងកម្ពុជា-ជប៉ុន កាន់តែច្រើនឡើងថែមទៀត៕