ក្រសួងពាណិជ្ជកម្ម ប្តេជ្ញាជំរុញការលើកកម្ពស់ផលិតផលខ្មែរ និងការតភ្ជាប់ទីផ្សារក្នុងប្រទេស តាមការរៀបចំព្រឹត្តិការណ៍ពិព័រណ៍និងវេទិកាធុរកិច្ចនានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច។នេះបើយោងតាមប្រសាសន៍របស់ លោក ទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំរបស់ក្រសួងកាលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ។

លោក ទិត សីច័ន្ទលី បានឱ្យដឹងថា កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីចែករំលែកវឌ្ឍនភាពការងារ និងបូកសរុបលទ្ធផលការងារ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់។
លោក បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្មចំពោះសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ ជាពិសេសការងារតាមដាននិងជំរុញការអនុវត្តគោលនយោបាយជាតិនានា។
លោកបន្តថា ក្រសួងក៏បានប្តេជ្ញាជំរុញលើកកម្ពស់ផលិតផលខ្មែរ និងការតភ្ជាប់ទីផ្សារក្នុងប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍និងវេទិកាធុរកិច្ចនានាទាំងក្នុងនិងក្រៅប្រទេស និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយផលិតផលខ្មែរនៅតាមបណ្តាខេត្តគោលដៅជាដើម។

ក្នុងឱកាសនោះដែរ លោក ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៅក្នុងអគ្គនាយកដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ត្រូវបន្តពង្រឹងសមត្ថភាពនិងរៀនសូត្រជាប្រចាំ ដើម្បីជាការអភិវឌ្ឍខ្លួនផ្ទាល់ ក៏ដូចជាបង្កើនប្រសិទ្ធភាពការងារនៅខែបន្ទាប់។
សូមរម្លឹកដែរថា យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសអាស៊ាន បានកើនឡើងគួរឲ្យកត់សម្គាល់ ដោយសម្រេចបាន ៨,៤៥៦.៥៩ លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ (ខែមករា-មិថុនា)។តួលេខមានកំណើន ៦.១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤៕ អត្ថបទ៖ហ្សាលីន

