នៅក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥នេះ ភ្ញៀវទេសចរសិង្ហបុរីមកទស្សនាកម្ពុជាមានចំនួន ២៩.១២១នាក់ កើនឡើង ៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

នេះបើតាមរយៈជំនួបពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយ លោក Alvin Tan រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម, ក្រសួងវប្បធម៌ សហគមន៍ និងយុវជន នៃប្រទេសសិង្ហបុរី នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ានឆ្នាំ២០២៥ កាលពីថ្ងៃទី២៩ កញ្ញា។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ (កម្ពុជា-សិង្ហបុរី) បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-សិង្ហបុរី ដែលសម្រេចបាននាពេលកន្លងមក និងមានទស្សនៈរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យបានកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរបន្ថែមទៀត។
សូមបញ្ជាក់ជូនថា នៅឆ្នាំ២០២៤ ភ្ញៀវទេសចរសិង្ហបុរី មកកម្ពុជា មានចំនួន ៤៥.៨៩៥នាក់ កើនឡើង ៤,៦%, ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ ដោយឡែក ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៥នេះ ភ្ញៀវទេសចរសិង្ហបុរីមកទស្សនាកម្ពុជាមានចំនួន ២៩.១២១នាក់ កើនឡើង ៣,៧% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤៕


