សាលាជាតិគយ រៀបចំពិធីបើកវគ្គ បណ្តុះបណ្តាលវិជ្ជាជីវៈជើងសាគយជំនាន់ទី១២

សង្គម​ និង​សេដ្ឋកិច្ច

សាលាជាតិគយ នៃ អគ្គ​នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីបើកវគ្គ បណ្តុះបណ្តាលវិជ្ជាជីវៈជើងសាគយជំនាន់ទី១២ ក្រោមអធិបតីភាពរបស់លោក សែ សុឃន អគ្គនាយករងនៃអគ្គនាយកដ្ឋាន​គយនិងរដ្ឋាករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយក​​​ដ្ឋា​ន​គយនិងរដ្ឋាករកម្ពុជា បានបានបញ្ជាក់ថា ការបើក “វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជើងសាគយជំនាន់ទី១២” នេះ ធ្វើឡើងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងស្របតាមផែនការសកម្មភាពនិងកម្មវិធីកែទម្រង់និងទំនើបកម្មរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។

ថ្លែងចំពោះមុខសិក្ខាកាមជាង៤០០នាក់ លោក សែ សុឃន បាន​លើកឡើងអំពី​សារៈសំខាន់និងការទទួលខុសត្រូវ​របស់​ជើងសាគយម្នាក់ៗ​។ ក្នុងនោះជើងសា​គយត្រូវបានប្រគល់ឱ្យនូវទំនួលខុសត្រូវដ៏ធំមួយដើ​ម្បីធានាថាការនាំចូលនិងការនាំចេញត្រូវអនុលោមតាមច្បាប់និងបទប្បញ្ញ​ត្តិ​គយជាធរមាន​។ ជំនាញវិជ្ជាជីវៈ​ ជើងសាគយ គឺមិនអាចខ្វះបានក្នុងកិច្ចដំណើរការបំពេញបែបបទបញ្ចេញទំនិញពីគយ ដែលអាចឱ្យទំនិញចរាចរឆ្លងកាត់ព្រំដែនបានដោយរលូន។

សូមជម្រាបជូនថា ជើងសាគយដើរតួនាទីយ៉ាងសំខាន់នៅក្នុងពាណិជ្ជកម្មអន្តរជាតិ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងជាអន្តរការីរវាងម្ចាស់ទំនិញ អ្នកនាំចូល អ្នកនាំចេញ ជាមួយរដ្ឋបាលគយ។ ចំណេះដឹងពាក់ព័ន្ធនឹងបទប្បញ្ញត្តិគយ សមត្ថភាពជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌របស់ជើងសាគយ គឺជាកត្តាសំខាន់បំផុតក្នុងកិច្ចការពារផលប្រយោជន៍របស់ម្ចាស់ទំនិញ និងរក្សានូវសុចរិតភាពនៃពាណិជ្ជកម្មអន្តរជា​តិ។ នៅក្នុងការប្រកបធុរកិច្ចរបស់ខ្លួន ជើងសាគយត្រូវមានចំណេះដឹងនិងជំនាញវិជ្ជាជីវៈច្បាស់លា​ស់ ព្រមទាំងបន្តស្វែងយល់ជាប្រចាំនូវច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័​ន្ធការនាំចេញ ការនាំចូល និងការឆ្លងកាត់ ព្រមទាំងនីតិវិធីគយនិងបែបបទបញ្ចេញទំនិញពីគយ ដោយធានាថា ចរាចរទំនិញឆ្លងកាត់ព្រំដែនត្រូវបានប្រព្រឹត្តទៅដោយភាពរលូននិងគ្មានឧបសគ្គដែលមិនចាំបាច់៕