គម្រោងវិនិយោគបង្កើតរោងចក្រផលិតអេប៉ុង ក្នុងទំហំទុនវិនិយោគប្រមាណជាង ១០លានដុល្លារអាម៉េរិក នឹងផុសឡើងនៅលើទឹកដីខេត្តតាកែវក្នុងពេលឆាប់ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានសម្រេចអនុម័តគម្រោងនេះរួចរាល់ហើយ។

CDC កាលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានប្រកាសចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកទ្រាំង ខេត្តតាកែវ ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតអេប៉ុង ក្នុងទំហំទុនវិនិយោគប្រមាណ ១០,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៨៧កន្លែង។
យោងតាមច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ក.អ.ក.” បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើត រោងចក្រផលិតអេប៉ុង ដែលមានទីតាំងស្ថិតនៅក្បាលដីលេខ 1204 ផ្លូវជាតិលេខ2 ភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិ គ្រប់គ្រាន់។គម្រោងរោងចក្រតម្លៃជាង ១០លានដុល្លារអាមេរិកនេះ គឺជាការវិនិយោគដោយក្រុមហ៊ុន TRIDENT NEW MATERIAL TECHNOLOGY CO., LTD.។
សូមជម្រាបថា រយៈពេល ៦ខែ ដើមឆ្នាំ២០២៥ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់ចំនួនជាង ៩៧លានដុល្លារអាម៉េរិក។ នេះបើយោងតាមការបញ្ជាក់ពីអភិបាលខេត្តតាកែវ លោក វី សំណាង កាលពីពេលថ្មីៗនេះ៕ អត្ថបទ៖ហ្សាលីន


