ស្ថានីយ PTT ប្រកាសផ្អាកនាំចូលប្រេងឥន្ធនៈពីប្រទេសថៃទាំងស្រុង ដោយនាំចូលប្រេងគុណភាពខ្ពស់ពីប្រទេសផ្សេងវិញ

សង្គម​ និង​សេដ្ឋកិច្ច

ស្ថានីយភីធីធី ក្រុមហ៊ុន ភីធីធី (ខេមបូឌា) នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានចេញលិខិតជូនដំណឹងបញ្ជាក់ដល់សាធារណៈជនបន្ថែមទៀតថា ក្រុមហ៊ុនបានផ្អាកនាំចូលប្រេងឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ដោយនាំចូលប្រេងគុណភាពខ្ពស់ពីប្រទេសសិង្ហបុរី ជំនួសវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសេចក្តីជូនដំណឹង ក្រុមហ៊ុនបានលើកឡើងថា អនុលោមតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងរ៉ែ និងថាមពល កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ និងសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្រុមហ៊ុនបានអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងសេចក្តីប្រកាសព័ត៌មានយ៉ាងខ្ជាប់ខ្ជួនទៅលើការផ្អាកនាំចូលនូវផលិតផលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ។

ក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានអនុវត្តតាមសេចក្តីជូនដំណឹងនេះទាំងស្រុងដោយក្រុមហ៊ុនពុំបាននាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទដែលមានប្រភពមកពីប្រទេសថៃទៀតនោះទេ។ ក្រុមហ៊ុនបានធ្វើការស្វែងរក និងនាំចូលប្រេងឥន្ធនៈដែលមានស្តង់ដាគុណភាព និងសុវត្ថិភាពមានប្រភពមកពីប្រទេសសិង្ហបុរី ដើម្បីផ្គត់ផ្គង់ជូនអតិថិជនជំនួសវិញ។

គួររំឭកថា កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផ្អាកការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃទាំងស្រុង ចាប់ពីម៉ោង១២យប់តទៅ។ ការប្រកាសរបស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនោះ គឺបន្ទាប់ពីបក្សប្រឆាំងថៃមួយ បានគំរាមមិនលក់ប្រេងឥន្ទនៈឱ្យកម្ពុជា៕