សម្តេចធិបតី៖វិស័យអាកាសចរណ៍ស៊ីវិល ជាកត្តាផលិតកម្មយុទ្ធសាស្ត្រដ៏សំខាន់មួយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរ ស្តីពី ការរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិល៧ធ្នូ នៅ កម្ពុជា ខណៈរដ្ឋាភិបាល ក៏បានចាត់ទុកស័យអាកាសចរណ៍ស៊ីវិល ជាកត្តាផលិតកម្មយុទ្ធសាស្ត្រដ៏សំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថែមទៀត។ នេះបើតាមសារាចរដែលចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលថ្ងៃទី៩ តុលា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី បានបញ្ជាក់ថា វិស័យអាកាសចរណ៍ស៊ីវិល ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់នៃដំណើរការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូនតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ដើម្បីជួយសម្រួល ដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គមរួមចំណែក បង្កើនចំណូលថវិកាជាតិ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ នូវគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសឆ្នាំ ២០២៥-២០៣៥ ដើម្បីខិតខំអនុវត្តជាបន្តនូវ គោលនយោបាយ បើកចំហជើងមេឃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយបានដាក់ចេញកាលពី ឆ្នាំ១៩៩៩ និងបន្តពង្រឹងសមត្ថភាពនៃការប្រកួតប្រជែង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ច ការពង្រីកការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ និងខ្សែច្រវាក់តម្លៃ ទៅក្នុងតំបន់និងសកលលោក ដោយរំពឹងទុកថា កម្ពុជានឹងមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសជាតិ និងអន្តរជាតិ ចំនួន២៥ (ម្ភៃប្រាំ) លាននាក់ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ចំនួន២០៥ (ពីររយប្រាំ) ពាន់តោននៅ ឆ្នាំ២០៣៥ ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យ របស់កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ហេតុនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយជាតិ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥ និងស្របតាមស្មារតីរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលបានបង្កើតនិងប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិលពិភពលោក ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៧ ខែធ្នូ ក្នុងគោលបំណងប្រារព្ធខួបនៃការចុះហត្ថលេខាអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដែលត្រូវបានគេស្គាល់ថា ជាអនុសញ្ញា ឈីកាហ្គោ និងបង្កើនការទាក់ទាញវិស័យអាកាសចរណ៍ស៊ីវិលពិភពលោក រដ្ឋាភិបាលកម្ពុជា សម្រេចកំណត់យកថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រារព្ធ ទិវាអាកាសចរណ៍ស៊ីវិលនៅកម្ពុជា៕

អត្ថបទ៖ហ្សាលីន