JICA សង្ឃឹមថា កម្ពុជា-ថៃ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក TANAKA Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបង្ហាញក្តីរំពឹងថា កម្ពុជា-ថៃ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីក្នុងពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈទានមួយចំនួនដែលជាចក្ខុវិស័យ និងរំលឹកអំពីស្ថានភាពប្រវត្តិសាស្ត្រ និងការតស៊ូរបស់សម្ដេចក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ រួមទាំងការនាំកម្ពុជាមករកសន្តិភាពនៅចុងឆ្នាំ១៩៩៨ និងការអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោក៏បានជម្រាបជូនប្រធានJICA ពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដែលជំហររបស់កម្ពុជា គឺធ្វើយ៉ាងណាចង់ឱ្យដោះស្រាយបញ្ហាដោយសន្តិវិធី និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។

ជុំវិញរឿងនេះ លោក TANAKA Akihiko បានសម្ដែងនូវក្តីរីករាយ និងអរគុណចំពោះសម្ដេចតេជោដែលបានមានប្រសាសន៍អំពីប្រវត្តិនៃការតស៊ូ នាំប្រទេសកម្ពុជាមករកសុខសន្តិភាព និងការរីកចម្រើន។ ឯកឧត្តមក៏បានរំលេចអំពីការពង្រីកកិច្ចសហប្រតិបត្តិការ ដែល JICA នឹងធ្វើបន្ថែមទៀត ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយពាក់ព័ន្ធទៅនឹងបញ្ហាព្រំដែន លោកសង្ឃឹមថា ភាគីទាំងពីរ នឹងអាចឈានទៅរកការដោះស្រាយបញ្ហាដោយសន្តិវិធីនៅពេលខាងមុខ ហើយស្ថានភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងវិលមករកប្រក្រតីភាពឡើងវិញ។

សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានលើកឡើងអំពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលប្រទេសទាំងពីរគួរតែជំរុញបន្ថែមទៀត ក្នុងតួនាទីរបស់JICA ក្នុងការរួមចំណែកពង្រីកទំនាក់ទំនង នឹងទៅលើវិស័យសំខាន់ៗជាច្រើនទៀត រវាងកម្ពុជា និងជប៉ុនផងដែរ៕ អត្ថបទ៖ហ្សាលីន