នាយករដ្ឋមន្រ្តីកម្ពុជា ចេញពីរដ្ឋធានីប៉េកាំងឆ្ពោះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១៩ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងគណៈប្រតិភូរាជរដ្ឋាភិបាលបានបញ្ចប់ការបំពេញទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង ចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងមានជំនួបជាមួយវិនិយោគិនចិនជាច្រើនក្រុមដើម្បីផ្សព្វផ្សាយនឹងជំរុញការបោះទុនមកកាន់កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បន្ទាប់ពីចប់ដំណើរទស្សនកិច្ចលើកទី២នៅរដ្ឋធានីប៉េកាំងនៅពេលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញទៅកាន់ទីក្រុងរីយ៉ាត ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit)។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បើតាមក្រសួងការបរទេសកម្ពុជា ការដែលសម្តេចធិបតីនាយករដ្ឋមន្រ្តីទៅកាន់ទីក្រុងរីយ៉ាត ធ្វើឡើងតបតាមការអញ្ជើញរបស់​ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រនៃអារ៉ាប៊ីសាអូឌីត។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូល​អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដោយចូលរួមពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម និង​ការ​វិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។ កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវឯកសារលទ្ធផលចំនួនពីរ៖ (១) សេចក្តី​ថ្លែង​ការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហ​ប្រតិ​បត្តិ​ការអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)។

ក្រសួងការបរទេសបានបញ្ជាក់ថា អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនឹងមានជំនួបទ្វេភាគីជាមួយឥស្សរជន​បរទេស​មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាង​កម្ពុជា និងប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕