កសិដ្ឋានដាំដុះបន្លែមួយនៅខេត្តមណ្ឌលគិរី អាចផ្គត់ផ្គង់ទៅទីផ្សារចិន ជំនួសឱ្យបន្លែដែលនាំចូលពីប្រទេសចិនវិញ

សង្គម​ និង​សេដ្ឋកិច្ច

កសិដ្ឋានដាំដុះបន្លែរបស់កសិករ Wang lei lei (ជនជាតិចិន) នៅក្នុងខេត្តមណ្ឌលគិរី មានសមត្ថភាពផលិតកម្មបាន២តោនបន្លែចម្រុះក្នុងរយ:ពេល៣ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារចិន នៅក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ជំនួសឱ្យបន្លែដែលនាំចូលពីប្រទេសចិនក្នុងពេលកន្លងមក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងតាមរយៈដំណើរចុះជួបសំណេះសំណាល សួរសុខទុក្ខ ជំរុញលើកទឹកចិត្តកសិករដាំបន្លែ នៅខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  អមដោយថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី១៤​ខែតុលា ឆ្នាំ២០២៥។

ក្នុងដំណើរនេះ លោករដ្ឋលេខាធិការ បានចុះពិនិត្យមើលកសិដ្ឋានដាំដុះបន្លែរបស់កសិករ Wang lei lei (ជនជាតិចិន) លើផ្ទៃដីចំនួន ១០ ហិកតា ក្នុងនោះដាំដុះក្នុងផ្ទះសំណាញ់ចំនួន ៤០ខ្នង ក្រៅពីនេះដាំដុះនៅទីវាលដែលមានប្រភេទបន្លែដូចជា តាសក់វែង ម្ទេសវែង ត្រប់ សណ្ដែកកួរ (សុទ្ធសឹងតែពូជដែលមានតម្លៃខ្ពស់) និងដំណាំរួមផ្សំផ្សេងទៀត  ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

កសិដ្ឋានដាំដុះបន្លែមួយនេះ សមត្ថភាពផលិតកម្មនាពេលបច្ចុប្បន្ន អាចបាន២តោនបន្លែចម្រុះក្នុងរយ:ពេល៣ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារចិន នៅក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ជំនួសឱ្យបន្លែដែលនាំចូលពីប្រទេសចិនក្នុងពេលកន្លងមក។ កសិដ្ឋានមានគម្រោងពង្រីកបង្កើនផលិតកម្មបន្លែចម្រុះឱ្យបានរហូត២០តោនក្នុង១ថ្ងៃផងដែរ។

គួរឱ្យដឹងក្នុងឱកាសនោះ លោករដ្ឋលេខាធិការក្រសួងកសិកម្មក៏បានចុះជួបសួរសុខទុក្ខ និងពិនិត្យចម្ការបន្លែរបស់កសិករ លឿង វ៉ាន់ថន ស្ថិតនៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដាំដុះដំណាំចម្រុះលើផ្ទៃដីចំនួន២ ហិកតា រួមមាន  ស្ពៃក្តោប ស្ពៃបូកគោ ការ៉ុត ដំឡូងជ្វាជប៉ុនផងដែរ។ ចម្ការនេះ ជាប្រភពផ្គត់ផ្គង់ស្ពៃក្តោប និងស្ពៃបូកគោ ដែលមានគុណភាពប្រកបដោយរសជាតិ ពិសេសតំណាងឱ្យផលិតផលខេត្តមណ្ឌលគិរី។

លោកបានណែនាំដល់ម្ចាស់កសិដ្ឋានទាំងពីរ ត្រូវអនុវត្តនិងប្រកាន់ខ្ជាប់នូវការថែរក្សាឱ្យបាននូវគុណភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងសហការជាមួយមន្ទីរ ដើម្បីឈានទៅការទទួលបាននូវវិញ្ញាបនកម្មនៃការអនុវត្តតាមគោលការណ៍កសិកម្មល្អ (GAP) ឱ្យសមស្របទៅតាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន៕