រដ្ឋ ដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មលើលិខិតអនុញ្ញាតអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥ បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រព័ន្ធស្វ័យប្រវត្តិកម្មនៃការដាក់ពាក្យស្នើសុំលិខិត អនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនក្នុងប្រទេស និងឆ្លងដែនតាមផ្លូវគោក ជាប្រព័ន្ធបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្នើរសុំលិខិតអនុញ្ញាតតាមប្រព័ន្ធអនឡាញ ក្នុងនោះមានលិខិតអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស (ដឹកទំនិញ) អាជីវកម្មដឹកជញ្ជូនផ្លូវគោកឆ្លងដែន និងអាជីវកម្មដឹកជញ្ជូនសាធារណៈ(ដឹកអ្នកដំណើរ)។

លោកបន្តថា នេះជាសមិទ្ធផលថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការធ្វើទំនើបកម្ម ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយផ្តោតលើប្រតិបត្តិករដឹកជញ្ជូន ដែលនេះមិនត្រឹមតែជាការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលប៉ុណ្ណោះទេ តែជាការបោះជំហានដ៏ធំមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលនៅសម័យកាលបដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ស្របតាមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា  ក្រសួងបានដាក់ដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មចាប់ពីឆ្នាំ២០១៧ ដែលមានដូចជា ប្រព័ន្ធដាក់ពាក្យចុះបញ្ជី យានជំនិះ ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ប្រព័ន្ធដាក់ពាក្យប្រឡងយកបណ្ណបើកបរ រួមជាមួយនឹងប្រព័ន្ធលេខពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត និងលេខពិសេសផ្ទាល់ខ្លួនសម្រាប់ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងម៉ូតូកង់បួន ដែលបាននិង កំពុងធ្វើការផ្លាស់ប្តូររបៀបរបបការងារ និងការផ្តល់សេវាសាធារណៈនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឆ្ពោះទៅកាន់ការធ្វើបរិវត្តកម្មឌីជីថលពេញលេញ ក្នុងគោលដៅផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយនីតិវិធីស្មុគស្មាញ ចំណេញពេលវេលា និងលុបបំបាត់ ចំណាយក្រៅផ្លូវការប្រកបដោយជំនឿទុកចិត្ត និងប្រសិទ្ធភាពខ្ពស់៕អត្ថបទ៖ហ្សាលីន