មន្រ្តីជាន់ខ្ពស់ក្រសួងសាធាណការ ស្នើឱ្យក្រុមហ៊ុនចិន ពិនិត្យលើការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្ម នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

មន្រ្តីជាន់ខ្ពស់ក្រសួងសាធាណការ លោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនចិន ពិនិត្យមើលលើការវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា ក្នុងឱកាសដែលលោកដឹកនាំប្រតិភូចុះបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ និងខេត្ត Zhejiang ដើម្បីស្វែងយល់ពីមណ្ឌលភស្តុភារកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥- ១៧ ខែតុលា ឆ្នាំ២០២៥ លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ដោយមានវត្តមានអមដំណើរដោយ លោកជំទាវអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធ ចុះបំពេញទស្សនកិច្ចសិក្សានៅសួនភស្តុភារកម្ម Jingdong Asia No.1 Logistics park ដែលជាបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន JD.Com នៅទីក្រុងសៀងហៃនិង Jiaxing modern logistic park នៅខេត្ត Zhejiang ដែលរៀបចំដោយក្រុមហ៊ុន Branch of Poly Changda Engineering Co., Ltd។

ក្នុងឱកាសនោះ ប្រធានប្រតិភូកម្ពុជា បានគូសបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗ នៃផ្នែកសាធារណការ និងដឹកជញ្ជូន ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងជាពិសេសរដ្ឋាភិបាល បានដាក់ចេញអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងរហូតដល់១៧៤គម្រោង សម្រាប់ការអនុវត្តរយៈពេល១០ឆ្នាំ ព្រមទាំងបាននិងកំពុងពង្រាងនូវសេចក្តីព្រាងច្បាប់ស្តីពីភស្តុភារកម្មទៀតផង។

ក្នុងន័យនេះ លោកក៏បានស្នើឱ្យក្រុមហ៊ុន Jingdong Asia No.1Logistics park និងក្រុមហ៊ុន Jiaxing Modern logistics park investment and development Co., Ltd សហការពិនិត្យមើលគម្រោងនៅក្នុងផែនការមេ ដែលក្រុមហ៊ុនអាចចូលរួមចំណែកវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ក៏ដូចជាឱកាស ដើម្បីមើលឃើញពីវិសាលភាព និងភាពទំនើបនៃប្រតិបត្តិការភស្តុភារកម្មរបស់សួនភស្តុភារកម្មទាំង ២ ទីតាំងចំពោះប្រតិភូកម្ពុជា។

គួរបញ្ជាក់ដែរថា បេសកកម្មបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ និងខេត្ត Zhejiang ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីប្រតិបត្តិការភស្តុភារកម្មទំនើប និងកម្រិតខ្ពស់សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងវិស័យភស្តុភារកម្ម ការគ្រប់គ្រងឃ្លាំងតាមរយៈការប្រើប្រាស់ទិន្នន័យ និងស្វែងយល់នូវបទពិសោធន៍ ព្រមទាំងបច្ចេកទេស ចំណេះដឹងផ្សេងៗដែលស្ថិតនៅ ក្នុងមណ្ឌល ភស្តុភារកម្ម ដែលអាចប្រើប្រាស់សម្រាប់ការអភិវឌ្ឍមណ្ឌលភស្តុភារកម្មនៅកម្ពុជាឱ្យទំនើប និងប្រសិទ្ធិភាពខ្ពស់៕