កម្ពុជា-សហភាពអឺរ៉ុប បើកកិច្ចពិភាក្សាលើប្រធានបទអាទិភាព ដើម្បីជំរុញបរិយាកាសវិនិយោគទ្វេភាគី

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអឺរ៉ុបប្រចាំកម្ពុជា បានរួមគ្នា បើកកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប (The 3rd Cambodia-Europe Public-Private Sector Dialogue) ដើម្បីកែលម្អ និងជំរុញបរិយាកាសវិនិយោគទ្វេភាគីកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ និងលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា,លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា(EuroCham), លោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូបទៀត។

កិច្ចសន្ទនាលើកទី៣ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហភាពអឺរ៉ុប បានលើកយកប្រធានបទជាអាទិភាពមកពិភាក្សាយ៉ាងផុសផុលពាក់ព័ន្ធនឹងបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា របស់វិនិយោគិនអឺរ៉ុប សំដៅបន្តពង្រឹងវឌ្ឍនភាពដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពីរលើកកន្លងមក។

នាឱកាសនោះ លោក ស៊ុន ចាន់ថុល បានស្វាគមន៍ទៅកាន់សហភាពអឺរ៉ុបប្រចាំកម្ពុជា និងភាគីពាក់ព័ន្ធដែលចូលរួម និងថ្លែងអំណរគុណទៅកាន់វិនិយោគិនមកពីសហភាពអឺរ៉ុបទាំងអស់ ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីកប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។

សូមជម្រាបដែរថា តាមរយៈវេទិកានៃកិច្ចសន្ទនានេះដែរ តំណាងវិនិយោគិនអ៊ឺរ៉ុប បានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ជាសេនាធិការ។ ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការពិភាក្សាផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយនានា បន្ទាប់ពីបានលើកឡើងនៅកិច្ចប្រជុំទាំង២លើកកន្លងមកផងដែរ៕ អត្ថបទ៖ហ្សាលីន