នាយករដ្ឋមន្រ្តីកម្ពុជា ស្នើឡាវពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ-ទន្លេសេឡាំផាវ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ មេដឹកនាំនៃប្រទេសទាំងបី រួមមាន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា , លោក ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីវៀតណាម និង លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីឡាវ បានជួបពិភាក្សាបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ឱ្យកាន់ជិតស្និទ្ធបន្ថែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួប, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទេសចរណ៍, សន្តិសុខ និងការពារជាតិ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានឯកភាពបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅក្នុងការតភ្ជាប់ ជាពិសេសការតភ្ជាប់ផ្លូវគមនាគមន៍ ការផ្គត់ផ្គង់អគ្គីសនី និងការទូទាត់តាមឌីជីថល។

ជាមួយនឹងប្រទេសឡាវ សម្ដេចធិបតីបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពន្លឿនការជ្រើសរើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេពៅ-ទន្លេសេឡាំផាវ។

គួររម្លឹកថា កន្លងទៅថ្នាក់ដឹកនាំទាំងពីរ (កម្ពុជា-ឡាវ) ក៏បានឯកភាពគ្នាជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការកំណត់ទីតាំងសាងសង់ស្ពានឆ្លងកាត់ ទន្លេរពៅ (កម្ពុជា)/សេឡាំផាវ (ឡាវ) ដើម្បីសម្របសម្រួលដល់លំហូរប្រជាជន ពាណិជ្ជកម្ម វិនិយោគ និង ទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ គឺមានទីតាំងស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាប់នឹងព្រំប្រទល់ឡាវត្រង់ ខេត្តចំប៉ាស័ក្តិ។ កិច្ចព្រមព្រៀងក្នុងការសាងសង់ស្ពាននេះត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសកិច្ចប្រជុំក្នុងការចុះកិច្ចហត្ថលេខាលើឯកសារសំខាន់ៗ ចំនួន៤ កាលពីកាលពីខែធ្នូ ឆ្នាំ ២០១៨៕