សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានស្នើដល់សហគមន៍អន្តរជាតិចូលរួមលើកទឹកចិត្ត និងតាមដានឱ្យបានដិតដល់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលទើបនឹងចុះហត្ថលេខាកាលពីពេលថ្មីៗនេះ។ ការអំពាវនាវនេះបានធ្វើឡើងក្នុងបទអន្តរាគមន៍គន្លឹះនៃកិច្ចពិភាក្សាតុមូលក្នុងវេទិកាសន្តិភាពប៉ារីស (Paris Peace Forum) ដោយសម្ដេច បានគូសបញ្ជាក់ថា ទោះបីកិច្ចព្រមព្រៀងនេះជាការបោះជំហានដ៏សំខាន់ដើម្បីស្ដារសន្តិភាពយូរអង្វែងក៏ពិតមែន ប៉ុន្តែ ដំណើរការនេះហាក់ស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ។ ក្នុងន័យនេះ សម្តេច បានអំពាវនាវដល់សហគមន៍អន្តរជាតិចូលរួមតាមដានឱ្យបានជាប់លាប់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។

នៅក្នុងកិច្ចពិភាក្សាតុមូលមួយ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ក្រោមប្រធានបទ«ការបែកបាក់ និងការប្រឈមមុខដាក់គ្នា៖ ការផ្លាស់ប្តូរភូមិសាស្រ្តនយោបាយនៅអាស៊ី» ដែលមានការចូលរួមពីសមាជិកស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ អ្នកការទូត និងអ្នកស្រាវជ្រាវ។ ឱកាសនោះ ប្រធានរដ្ឋសភា ក៏បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំសម្របសម្រួល និងការធ្វើជាសាក្សីរបស់ ប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។
សម្ដេចបានគូសបញ្ជាក់ថា កម្ពុជាបានប្ដេជ្ញាចិត្តចំពោះគោលការណ៍ សន្តិសហវិជ្ជមាន គឺភាពជាអ្នកជិតខាងល្អជាមួយប្រទេសថៃ និងរក្សាមជ្ឈភាពអាស៊ាន។ កម្ពុជាធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលអស់រយៈពេលជាង៣ទសវត្សរ៍មកហើយ ដូចនេះកម្ពុជាបានផ្ដល់តម្លៃខ្ពស់ដល់សន្តិភាព។ កម្ពុជា ឆ្អែតឆ្អន់ហើយនឹងសង្គ្រាមក្នុងអតីតកាលរបស់ខ្លួន។ ដូច្នេះហើយទើបមិនចង់មានសង្គ្រាមជាមួយប្រទេសថៃ ឬប្រទេសណាទាំងអស់។ គោលបំណង និងគោលការណ៍នៃគោលនយោបាយការបរទេសរបស់កម្ពុជា គឺជានិច្ចកាលមានសង្គតិភាព ហើយស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យ៉ាងច្បាស់នូវជំហរ មិនចូលបក្សសម្ព័ន្ធ និងឯករាជ្យ ។

ប្រធានរដ្ឋសភា បានលើកឡើងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាគឺបានហាមឃាត់ជាដាច់ខាតនូវការដាក់មូលដ្ឋានយោធានៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាជាដាច់ខាត។ ទោះបីជាយ៉ាងនេះក្តី មិនមានន័យថា កម្ពុជាមិនបានចូលរួមយ៉ាងសកម្មក្នុងកិច្ចការនោះទេ។ ជាការពិត កម្ពុជាបានចូលរួមយ៉ាងសកម្ម និងដោយទំនួលខុសត្រូវខ្ពស់ចំពោះសន្តិភាព និងវិបុលភាពសម្រាប់ពិភពលោក តាមរយៈការលើកកម្ពស់នូវគុណតម្លៃនៃសីលធម៌ និងច្បាប់អន្តរជាតិ។ ទោះបីកម្ពុជាជាប្រទេសតូចក៏ដោយ កម្ពុជាបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីចូលរួមយ៉ាងសកម្មដល់គោលបំណងរួមជាសកលរបស់មនុស្សជាតិ ជាពិសេស ការខិតខំប្រឹងប្រែងលើកកម្ពស់សន្តិភាព។ កម្ពុជាបានចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពជាង ១ម៉ឺននាក់ នៅទូទាំងពិភពលោក ក្រោមបេសកកម្មរបស់អង្គការសហប្រជាជាតិ ដែលក្នុងនោះមានស្រ្តីចំនួនជាង ៨០០ នាក់។
ប្រធានរដ្ឋសភា បានបញ្ជាក់ថា គោលការណ៍ការបរទេសរបស់កម្ពុជាគឺ «មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ» ដោយផ្អែកលើការគោរពគ្នា ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍ទៅវិញទៅមក។ ជាមួយគ្នានេះ កម្ពុជាក៏អនុវត្តយុទ្ធសាស្ត្រតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្ដាល។

សម្ដេចប្រធានរដ្ឋសភា បានបង្ហាញការចង់ឃើញអាស៊ានដើរតួជាអ្នកសម្របសម្រួលដោយស្មោះត្រង់ និងមានប្រសិទ្ធភាព ជាអ្នកវាស់ស្ទង់ និងជាយុថ្កានៃសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់តំបន់ ហើយបានបង្ហាញសុទិដ្ឋិនិយមថា «សតវត្សរ៍ទី ២១ នេះ គឺជាសតវត្សរ៍របស់តំបន់អាស៊ីប៉ាស៊ីហ្វិក»។
កម្ពុជាបានប្រកាន់យកនូវគោលនយោបាយការបរទេស “មិត្តជាមួយគ្រប់ប្រទេសទាំងអស់ ដោយមិនយកប្រទេសណាមួយជាសត្រូវ”។ គោលនយោបាយការបទេសរបស់យើងគឺចាក់ឫសយ៉ាងជ្រៅនៅក្នុងគុណតម្លៃនៃសន្តិភាព សុខដុមរមនា និងច្បាប់អន្តរជាតិ។ ការចូលរួមរបស់កម្ពុជាជាមួយតួអង្គខាងក្រៅ គឺផ្អែកលើការគោរពគ្នា ការយោគយល់គ្នា ការជឿទុកចិត្តគ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ កម្ពុជាបានផ្តល់តម្លៃចំពោះសារៈសំខាន់ នៃការមិនជ្រៀតជ្រែកគ្នា ការគោរពអធិបតេយ្យគ្នា នៅក្នុងបរិបទនៃទំនាក់ទំនងអន្តរជាតិ។ កម្ពុជាចាត់ទុក អាស៊ាន ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃគោលនយោបាយការបរទេស ព្រមទាំងអនុវត្ត យុទ្ធសាស្រ្តតុល្យភាព ចំពោះគ្រប់តួអង្គ ទាំងប្រទេសមហាអំណាច និងប្រទេសអំណាចកណ្តាល៕


