កាយវិការមិត្តភាពដ៏ស្និទ្ធស្នាលរវាងកម្ពុជា និងសភាអាម៉េរិក បង្ហាញពីការថែរក្សាទំនាក់ទំនងល្អជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

កាយវិការមិត្តភាពដ៏កក់ក្ដៅស្និទ្ធស្នាល រវាង លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាមួយ លោកសមាជិកសភា Jimmy Panetta នៅវ៉ាស៊ីងតុន ឌីស៊ី មិនត្រឹមតែជាទំនាក់ទំនងរវាងអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភាពដែលត្រូវបានកសាងឡើងតាមរយៈការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងកិច្ចសហការកន្លងមក ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សភាអាម៉េរិក ក្នុងការថែរក្សាទំនាក់ទំនងជាមួយកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីព្រឹកថ្ងៃពុធ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បេសកកម្មរបស់គណៈប្រតិភូកម្ពុជានៅវិមានសភាសហរដ្ឋអាម៉េរិក បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសស្និទ្ធស្នាលនិងកក់ក្ដៅ បន្ទាប់ពីបញ្ចប់ជំនួបផ្លូវការជាមួយលោកស្រី Beth Van Duyne លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឆ្លៀតឱកាសមុននឹងធ្វើដំណើរចាកចេញពីវិមានសភាសហរដ្ឋអាម៉េរិក ចូលទៅជួបសម្តែងការគួរសម និងក្តីនឹករលឹកក្នុងនាមជាកល្យាណមិត្តជាមួយ លោក Jimmy Panetta សមាជិកសភាតំណាងរាស្ត្រសហរដ្ឋអាម៉េរិក (តំណាងឱ្យមណ្ឌលទី១៩ រដ្ឋ California)។

លោក ស៊ុន ចាន់ថុល បញ្ជាក់ថា កាយវិការជិតស្និទ្ធនេះ បានបញ្ជាក់យ៉ាងច្បាស់ពីភាពស្និទ្ធស្នាលរវាង លោក និងលោកសមាជិកសភា ដែលមិនត្រឹមតែជាទំនាក់ទំនងរវាងអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាមិត្តភាពដែលត្រូវបានកសាងឡើងតាមរយៈការគោរពឱ្យតម្លៃគ្នាទៅវិញទៅមក និងកិច្ចសហការកន្លងមក ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សភាអាម៉េរិក ក្នុងការថែរក្សាទំនាក់ទំនងជាមួយកម្ពុជា។ ជំនួបដ៏ភ្ញាក់ផ្អើលនេះបានបង្ហាញថា បើទោះបីជាមានភាពមមាញឹកនៃកិច្ចការងារយ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាពនិងការគោរពផ្ទាល់ខ្លួន នៅតែជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ គឺកម្ពុជា និងសហរដ្ឋអាម៉េរិក។

គួររម្លឺកដែរថា លោក Jimmy Panetta បានដឹកនាំគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក (Congressional Delegation – CODEL) មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូ CODEL ទទួលបានឱកាសក្នុងការចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត នៅតាមក្រសួង/ស្ថាប័នពាក់ព័ន្ធ រួមទាំងជំនួបពិភាក្សាការងារ ក៏ដូចជាពិធីលៀងសាយភោជនរៀបចំទទួលស្វាគមន៍ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ CODEL នាកាលនោះ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ក្នុងការបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងសកលលោកឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត៕