ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគរបស់ជប៉ុន ក្នុងការមកវិនិយោគលើវិស័យនានា ជាក់ស្តែងមានប្រមាណ ៣៦ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជប៉ុន ចាប់អារម្មណ៍ការវិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម។

នេះបើតាមការឱ្យដឹងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ លោក TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ជា ធីរិទ្ធិ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោកប្រធានសមាគមជប៉ុន-កម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកវិនិយោគរបស់ជប៉ុន ក្នុងការមកវិនិយោគលើវិស័យនានា ក្នុងនោះលោកបានរំលេចទាក់ទងទៅនឹងប្រតិភូដែលមកបំពេញបេសកកម្មនៅកម្ពុជា ពេលនេះ គឺមានប្រមាណ ៣៦ក្រុមហ៊ុន ដែលជាក្រុមហ៊ុនជប៉ុន មានទាក់ទងទៅនឹងការវិនិយោគលើវិស័យបច្ចេកវិទ្យា ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ និងកសិ-ឧស្សាហកម្មជាដើម ដែលជាការចាប់អារម្មណ៍របស់អ្នកវិនិយោគជប៉ុនមកកម្ពុជា។
លោកបន្តថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាកន្លងមក ជាពិសេសតាំងពីពេលសម្តេចតេជោនៅជានាយករដ្ឋមន្ត្រី ហើយមកដល់ពេលនេះ សម្តេចតេជោ ជាប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចតេជោ ក៏នៅតែបន្តគាំទ្រអ្នកវិនិយោគជប៉ុន ជាពិសេស គឺសមាគមជប៉ុន-កម្ពុជា តែម្តង ដែលប្រធានសមាគម បានចាត់ទុកការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏សំខាន់ក្នុងការផ្តល់នូវទំនុកចិត្ត ដល់អ្នកវិនិយោគជប៉ុន មកកាន់កម្ពុជា បន្ថែមទៀត ។

ក្នុងឱកាសនោះ សម្តេចតេជោ បានលើកឡើងដោយបង្ហាញនូវការពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគមជប៉ុន-កម្ពុជា ដែលបានខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណា ជំរុញទំនាក់ទំនង ជាពិសេស ទាក់ទងទៅនឹងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែមទៀត ដល់ប្រជាជនកម្ពុជា ជាពិសេស យុវជនតែម្តង ដោយសម្តេចតេជោ បានលើកឡើងថា ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ គឺជាជំនាញ នៃតម្រូវការ ដែលទាំងក្នុងបរិបទប្រទេសកម្ពុជា ក៏ដូចជាបរិបទនៃប្រទេសជប៉ុនត្រូវការ ហើយជាចំណែកក្នុងការជំរុញផ្នែកសេដ្ឋកិច្ចដ៏សំខាន់ ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានលើកឡើងពីការពេញចិត្តនូវអ្វីដែលអ្នកវិនិយោគជប៉ុនចាប់អារម្មណ៍ទៅលើវិស័យកសិ-ឧស្សាហកម្ម និងបច្ចេកវិទ្យា ដោយសម្តេចតេជោ បានលើកឡើងថា ផ្នែកកសិ-ឧស្សាហកម្មនេះ គឺជាចំណុចស្នូលមួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមរៀងមក រហូតដល់រាជរដ្ឋាភិបាលថ្មី ក៏ចាត់ទុកកសិ-ឧស្សាហកម្មនេះ គឺការកែច្នៃផលិតផលកសិកម្ម គឺជារឿងចាំបាច់និងអាទិភាព ។
ពាក់ព័ន្ធទៅនឹងវិស័យបច្ចេកវិទ្យា ក៏ដូចគ្នាដែរ ដោយបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងតែផ្តោតការយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យា ហើយកម្ពុជា កំពុងត្រូវការខ្លាំងក្នុងផ្នែកនេះ ។ សម្តេច បានជំរុញឱ្យអ្នកវិនិយោគជប៉ុន ចាប់អារម្មណ៍ និងពង្រីកសក្កដានុពល លើវិស័យទាំងអស់នេះ ឱ្យមានការកើនឡើងកាន់តែច្រើនថែមទៀត៕


