កម្ពុជា ប្រកាសថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់កងកម្លាំងថៃលើជនស៊ីវិលខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់ កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និង ៣នាក់រងរបួស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែវិច្ឆិកានេះ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយនឹងចាត់វិធានការ សមស្របដើម្បីតាមដាន រួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិល ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានផងដែរ។ កម្ពុជាស្វាគមន៍ចំពោះការគាំទ្រ និងការ ចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។

កម្ពុជាសូមបញ្ជាក់ថា ចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ មក កម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុត ដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈរ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលដ៏ឃោរឃៅនាពេលនេះ ក្នុងគោលបំណងរក្សាឱ្យបាននូវបទឈប់បាញ់នេះ។

ក្រសួងការបរទេស សង្កត់ធ្ងន់ថា ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ និងសម្រាប់តំបន់ទាំងមូល រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ហើយងាកទៅប្រកាន់ខ្ជាប់នូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ ដូចមានចែងក្នុងសេចក្ដីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីន ប្រទេសទាំងពីរនៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ៕