លោកស្រី ជា សិរី៖ បច្ចេកវិទ្យាAI មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍

សង្គម​ និង​សេដ្ឋកិច្ច

លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍កាន់តែប្រសើរ។ លោកស្រី ជា សិរី ថ្លែងបែបនេះ នៅក្នុងពេលអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាស្តីពី ស្ត្រីទូទាំងសកលលោកក្នុងសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Global Women in AI) នៅក្នុងវេទិកាជំនាញសម្រាប់អនាគត (Future Skills Forum) កាលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឯប្រទេសសិង្ហបុរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោកស្រី ជា សិរី បានលើកឡើងថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលមានតម្រូវការកាន់តែទូលំទូលាយឡើងៗ និងចាំបាច់ត្រូវមានការចូលរួមពីអ្នកដឹកនាំជាស្ត្រីនៅទូទាំងសកលលោក ដើម្បីលើកកម្ពស់លទ្ធភាពទទួលបាន និងប្រើប្រាស់ទិន្នន័យដែលជាធនធានផ្តល់ដោយបច្ចេកវិទ្យានេះ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតទាមទារឱ្យការទទួលខុសត្រូវ តម្លាភាព និងតុល្យភាពនៃទិន្នន័យ។

លើសពីនេះ លោកស្រីថា នៅពេលដែលស្ត្រីមានគោលបំណងក្នុងការប្រើប្រាស់ទិន្នន័យទាំងនោះច្បាស់លាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតអាចជួយស្ត្រីក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ ស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងរីកចម្រើននៅទូទាំងពិភពលោកថែមទៀត។

សូមជម្រាបថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ ឬហៅថា AI គឺជាផ្នែកមួយនៃវិទ្យាសាស្ត្រកុំព្យូទ័រ ដែលអនុញ្ញាតឱ្យម៉ាស៊ីន ឬកម្មវិធីកុំព្យូទ័រ អាចសិក្សា និងអនុវត្តកិច្ចការ ដែលជាធម្មតាទាមទារភាពវៃឆ្លាតរបស់មនុស្សដូចជា អាចមើល, យល់, អាចឆ្លើយតបទៅ នឹងភាសារបស់មនុស្ស, អាចវិភាគទិន្នន័យ, អាចព្យាករណ៍ និងផ្តល់ការណែនាំ ជាដើម។

យោងតាមករណីសិក្សារបស់មជ្ឍមណ្ឌលកម្ពុជា៤.០ បានរៀបរាប់ថា បច្ចេកវិទ្យានេះសំដៅដល់បណ្ដុំនៃបច្ចេកវិទ្យា ដែលត្រូវបានអនុវត្តនៅក្នុងប្រព័ន្ធមួយ ដើម្បីឱ្យវាចេះសិក្សាវែកញែក និងធ្វើសកម្មភាពដើម្បីដោះស្រាយបញ្ហាស្មុគស្មាញណាមួយ។ បញ្ញាសិប្បនិម្មិតមិនត្រូវបានកំណត់ត្រឹមតែម៉ាស៊ីនសិក្សាប៉ុណ្ណោះទេ ប៉ុន្តែបច្ចេកវិទ្យានេះក៏រួមបញ្ចូលសំណុំរឿងដទៃទៀត ដូចជា Object Detection, រ៉ូបូត, ដំណើរការភាសាបែបធម្មជាតិ និងការសិក្សាស៊ីជម្រៅជាដើម៕ អត្ថបទ៖ហ្សាលីន