រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេរភារកិច្ច លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ មកជាអភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និងបានផ្ទេរ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មកជាអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខវិញ។

នេះបើយោងតាមអនុក្រឹត្យ ស្តីពីការផ្ទេរភារកិច្ចមន្រ្តីរាជការ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។
យោងតាមអនុក្រឹត្យខាងលើបានសម្រេច៖ មាត្រា១ ត្រូវបានផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ២រូប ឱ្យទៅកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខណ្ឌ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌ នៃរាជធានីភ្នំពេញ ដូចមានរាយនាមខាងក្រោម៖
១-លោក ម៉ូវ ម៉ានិត ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ២ ពីអភិបាលនៃគណៈ អភិបាលខណ្ឌសែនសុខ ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ
២-លោក ចេង មុនីរ៉ា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៣ ពីអភិបាលនៃគណៈ អភិបាលខណ្ឌច្បារអំពៅ ឱ្យទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ។

គួរបញ្ជាក់ថា នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រៅពីអភិបាលខណ្ឌដែលត្រូវបានប្រកាសចូលកាន់តែតំណែង ក៏មានការប្រកាសចូលកាន់តំណែងអភិបាលរងខណ្ឌមួយចំនួននៅរាជធានីភ្នំពេញផងដែរ។

លោក ឃួង ស្រេង បានញ្ជាក់ថា អភិបាលខណ្ឌ អភិបាលរងខណ្ឌដែលត្រូវបានតែងតាំងផ្ទេរភារកិច្ចថ្មីនេះត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យកាន់តែល្អប្រសើរ ដោយត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងក្លា ក្នុងការបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនាមជាអភិបាលខណ្ឌ អភិបាលរងខណ្ឌត្រូវដុះខាត់ ត្រូវក្រើនរំលឹក កែលម្អចំណុចខ្វះខាត មកបំពេញបន្ថែមឱ្យបានល្អប្រសើរ ហើយការកែលម្អចំណុចខ្វះខាតនោះ មិនត្រូវកើតមានឡើងនូវចំណុចខ្វះខាត ដដែលទៀតនោះទេ៕



