សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តអំពាវនាវឱ្យមានការគាំទ្រដល់រាជរដ្ឋាភិបាលឲ្យមានខឿនការពាររបស់ប្រជាជន មិនមែនត្រឹមតែកងទ័ពយកទៅការពារជាតិនោះទេ គឺត្រូវមានការចូលរួម ពីគ្រប់បងប្អូនប្រជាពលរដ្ឋទាំងអស់។

នេះបើយោងតាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា តម្រូវការរបស់កម្ពុជានាពេលនេះ គឺត្រូវការពារជាតិ ដោយមិនបណ្តោយឱ្យមានការបាត់បង់ទឹកដីបន្តទៀតនោះទេ ខណៈកម្ពុជាបានបាត់បង់អស់ច្រើនហើយ។
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានបង្ហាញសម្ដែងការប្រតិកម្មចំពោះលោកបណ្ឌិត សេង សារី រួមជាមួយនឹងអ្នកនយោបាយមួយចំនួន ដែលមិនយល់ច្បាស់ពីរចនាសម្ព័ន្ធដឹកនាំរដ្ឋរបស់កម្ពុជា ដោយចោទសម្ដេច ថា ស្ងាត់ស្ងៀមក្នុងពេលថៃឈ្លានពានកម្ពុជាពិសេសករណីនៅភូមិព្រៃចាន់ និងជោគជ័យផងដែរ។
សម្ដេចតេជោ ថា នេះជាកិច្ចការរបស់រដ្ឋាភិបាល ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងខិតខំធ្វើពេលនេះ ហើយមិនមែនជាតួនាទីរបស់សម្ដេច ជាប្រធានព្រឹទ្ធសភាឡើយ ខណៈសម្តេចតេជោ ក៏បានសួរសំណួរទៅកាន់អ្នកដែលប្រតិកម្មពីខាងក្រៅប្រទេសចំពោះការចោតថារដ្ឋាភិបាលមានភាពស្ងាត់កន្លងមកផងដែរ ថាបានប្រយោជន៍អ្វីនៅពេលមានការផ្ទុះសង្រ្គាមឡើងវិញ ពោលសង្រ្គាមមានតែការបំផ្លិតបំផ្លាញប្រទេសទាំងសង់ខាងប៉ុណ្ណោះ៕ អត្ថបទ៖ហ្សាលីន

