ជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពី Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានប្រកាសអបអរសាទរផងដែរ ដែលជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពី Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។
គួរឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍Turkish Airlines គឺជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដ៏ធំមួយរបស់ប្រទេសតួកគីយ៉េ ដែលហោះហើរទៅកាន់គោលដៅជាង៣៥០កន្លែង ជុំវិញពិភពលោក។
ការសម្រេចចិត្តរបស់ក្រុមហ៊ុន Turkish Airlines ដោយបានមើលឃើញពីសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លាដែលជាទីផ្សារទើបនឹងរះភ្លឺចែងចាំងក្រោមម្លប់សុខសន្តិភាព និងការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេស គឺវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប និងទាន់សម័យដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េមកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។
លោកធ្លាប់គូសបញ្ជាក់ថា ការបើកជើងហោះហើរថ្មីនេះពិតជាជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ដែលហោះហើរដល់គោលដៅជាង៣៥០កន្លែងដល់ប្រទេសចំនួន១៣០ប្រទេសជុំវិញពិភពលោកមួយនេះ៕

