ក្នុងគោលបំណងលើកកម្ពស់សកម្មភាពវិនិយោគ និងបង្កើនភាពជាដៃគូជាមួយវិស័យឯកជន រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែនិងថាមពលចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែបន្ថែមទៀតជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ជាការបន្ថែមលើកការវិនិយោគធនធានរ៉ែ ដែលរួមមាន៖ ១,កិច្ចព្រមព្រៀង កែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោងអណ្ដូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ ១០ តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ចំនួនប្រមាណ ៣៤ តោន។ គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១ ០០០ លានដុល្លារអាមេរិក ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ និង ២,កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ (រ៉ែមាស) នៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោន ក្នុងអាយុកាល៧ឆ្នាំនៃអណ្តូងរ៉ែបើក។

គម្រោងបន្ថែមនេះ ត្រូវបានក្រសួងរ៉ែបញ្ជក់ថានេះជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវិឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ ដោយគម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣ លានដុល្លារ ដែលរួមមានសួយសារ សារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ ៥០០ កន្លែង។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែនិងថាមពលចុះកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited កាលពីឆ្នាំ២០១៩។ គម្រោងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាសចាប់ពីឆ្នាំ២០២១មកដល់បច្ចុប្បន្ន ក្រុមហ៊ុនផលិតមាសសុទ្ធបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ២៧,៣ លានដុល្លារអាមេរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាមេរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧ កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥ នាក់៕


