គិតមកដល់ពេលនេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សាងសង់សម្រេចបាន ៧០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់ ដែលដឹកនាំដោយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងកាលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

បេសកកម្មចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម មន្រ្តីបច្ចេកទេសក្រសួង តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) តំណាងក្រុមហ៊ុនទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) និងតំណាងក្រុមហ៊ុន BUCG។
នាឱកាសនោះ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង(ស្គន់-កំពង់ចាម) សម្រេចវឌ្ឍនភាពការងារចំនួន ៧០% ផងដែរ។
សូមជម្រាបថា គម្រោងពង្រីកផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម មានប្រវែងជាង ៤៥គីឡូម៉ែត្រ។ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវតភ្ជាប់ជាមួយផ្លូវជាតិលេខ៦ ពីរង្វង់មូលស្គន់ ឆ្ពោះទៅទិសដៅរាជធានីភ្នំពេញ និងជាទិសដៅទៅខេត្តកំពង់ធំ សៀមរាប និងតភ្ជាប់ទៅតាមបណ្ដាញផ្លូវសំខាន់ៗផ្សេងៗទៀត។ ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ដើម្បីជួយសម្រួលការធ្វើដំណើរការដឹកជញ្ជូនផលិតផលកសិកម្ម,កសិឧស្សាហកម្ម លើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច-សង្គមជាតិ៕ អត្ថបទ៖ហ្សាលីន


