ឱកាសការងារជាង ៦ពាន់កន្លែង នៅរោងចក្រចំនួន២កន្លែង ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលគ្រោងនឹងបើកដំណើរការ នាពេលឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបង្ហោះសារ​នៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ឯកឧត្តម ឱ្យដឹងថា រោងចក្រចំនួន២កន្លែង គ្រោងនឹងបើកដំណើរការ នាពេលឆាប់ៗខាងមុខនេះ និងមានតម្រូវការការងារជាង ៦០០០កន្លែង ហើយនេះ​ជា​ឱកាស​សម្រាប់បងប្អូននៅស្រុកគិរីវង់ ខេត្តតាកែវ និងបងប្អូនស្រុកអង្គរជ័យ ខេត្តកំពត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម វ៉ី សំណាង បានលើកឡើងបែបនេះថា ឱកាសការងារ​របស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ (ខេត្តតាកែវ) និងស្រុកអង្គរជ័យ (ខេត្តកំពត) បានមកដល់​ទៀត​ហើយ! ក្រុមការងារ នៃរដ្ឋបាលខេត្តតាកែវ បានចុះពិនិត្យទីតាំងដីស្នើសុំសាងសង់រោងចក្រចំនួន ០២ទីតាំង ដូចខាង​ក្រោម៖

១/ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែល​មាន​តម្រូវការកម្មករនៅចន្លោះពី ១០០០ ទៅ ១៥០០នាក់។

២/ រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិព្រៃអំពក ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានតម្រូវការ​កម្មករ ចាប់ពី ៥០០០នាក់ទ្បើងទៅ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានបញ្ជាក់ថា ជារួមរោងចក្រទាំងពីរខាងលើនេះ មានតម្រូវការកម្មករសរុបប្រមាណ ៦៥០០នាក់ ដូច្នេះឱកាសការងាររបស់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ និង ស្រុកអង្គរជ័យ បានមកដល់ជណ្ដើរផ្ទះបងប្អូនហើយ។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ឯកឧត្តម វី សំណាង ក៏បានឱ្យដឹងផងដែរថា រយៈពេល ៦ខែ ដើមឆ្នាំ​២០២៥​នេះ ខេត្តតាកែវ ទទួលបានអ្នកវិនិយោគចូលមកបណ្ដាក់ទុនចំនួន ៣១ក្រុមហ៊ុន ដែលមានទំហំទឹកប្រាក់ចំនួនជាង ៩៧លានដុល្លារអាម៉េរិក។ ជាមួយគ្នានេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបាន​បោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាម៉េរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើន​ឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម៕