នៅក្នុងវេទិកាសេដ្ឋកិច្ចសរទរដូវឆ្នាំ២០២៥ នៅក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋវៀតណាម ក្រោមប្រធានបទ “បរិវត្តិកម្មបៃតងក្នុងយុគសម័យឌីជីថល”កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្ពុជាបានបង្ហាញជំហររក្សាសន្តិភាព និងស្ថិរភាពតំបន់ ជាគ្រឹះនៃការអភិវឌ្ឍបៃតងនិងឌីជីថល។

ថ្លែងក្នុងពិធីបើកវេទិកា លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងសង្កត់ធ្ងន់លើការរក្សាសន្តិភាព និងស្ថិរភាពតំបន់ ថាជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់វិបុលភាពរួម និងបរិវត្តកម្មឧស្សាហកម្មប្រកបដោយចីរភាពរបស់តំបន់។
លោកបានលើកឡើងថា៖ “សន្តិភាព និងស្ថិរភាព បានឈរជាជន្ទល់ទ្រទ្រង់វឌ្ឍនភាពរបស់អាស៊ាន ធ្វើឱ្យសេដ្ឋកិច្ចតំបន់រីកចម្រើន មានសមាហរណកម្ម និងនវានុវត្តន៍។ ប៉ុន្តែភាពតានតឹងថ្មីៗមួយចំនួន រួមទាំងនៅតាមតំបន់ព្រំដែនខ្លះ បានរំឭកយើងថា សន្តិភាពមិនអាចត្រូវបានមើលរំលងឡើយ។ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សន្ទនា ការគោរពគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការដោះស្រាយទំនាស់ដោយសន្តិវិធី។”
ជាមួយគ្នានោះ លោកក៏បានរំលេចនូវនិន្នាការសាកលចំនួន ៣ គឺការផ្លាស់ប្តូរទៅរកគោលការណ៍និរន្តរភាព នវានុវត្តន៍បច្ចេកវិទ្យា និងការប្រែប្រួលខ្សែច្រវាក់ផ្គត់ផ្គង់ ដែលជាកត្តាប្រឈមផង និងក៏ជាឱកាសសំខាន់ ដើម្បីពង្រឹងសមាហរណកម្មអាស៊ាន តាមរយៈការតភ្ជាប់ឌីជីថល ផលិតកម្មស្អាត និងឧស្សាហកម្មរីកចម្រើនថ្មីៗ ដូចជាបញ្ញាសប្បនិម្មិត ជីវវិទ្យាសាស្ត្រ និងរូបធាតុទំនើបជាដើម។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តីក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកំណើនរួមប្រកបដោយការទទួលខុសត្រូវ រួមទាំងការខិតខំធ្វើពិពិធកម្មឧស្សាហកម្ម ការពង្រីកថាមពលកកើតឡើងវិញ ការអភិវឌ្ឍមូលធនមនុស្ស និងការពន្លឿនការស្រាវជ្រាវនិងនវានុវត្តន៍ ស្របតាមតម្រូវការនៃវិស័យឯកជន៕




