ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក (MJQE) និងមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (Maxicare Children Hospital) បានប្រកាសជាផ្លូវការនូវកិច្ចសហប្រតិបត្តិការថ្មីមួយ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ទៅវិញទៅមកលើវិស័យសុខាភិបាល និងការអប់រំ ជូនដល់សិស្សានុសិស្សដែលកំពុងសិក្សានៅ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បុគ្គលិក និងក្រុមគ្រួសារនៃស្ថាប័នទាំងពីរ ។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត វ៉ាន សុខជា ប្រធាននាយកប្រតិបត្តិ នៃមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅទីតាំងមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ ដោយផ្ទាល់ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥។

បច្ចុប្បន្ន ការបង្កើតភាពជាដៃគូសហការរវាងស្ថាប័នឯកជនវិស័យសុខាភិបាល និងវិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការដើររួមគ្នាលើកកម្ពស់ស្តង់ដារថែទាំសុខភាព និងការអប់រំកុមារ ដើម្បីផ្តល់ឱ្យពួកគេទទួលបានការលូតលាស់ធំធាត់ដោយសុខភាពល្អ ព្រមទាំងអាចបញ្ចេញសក្តានុពលពេញលេញក្នុងការសិក្សា ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយគុណភាពនៅក្នុងប្រទេស។ ដូចនេះ តាមរយៈកិច្ចសហការនេះ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ នឹងផ្តល់នូវសេវាសុខភាពឯកទេសរោគកុមារស្តង់ដារខ្ពស់ដល់សិស្សានុសិស្សនៃ មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ព្រមទាំងផ្តល់ការបណ្តុះបណ្តាលផ្នែកសង្គ្រោះបឋមដល់លោកគ្រូ អ្នកគ្រូ និងការអប់រំចំណេះដឹងផ្នែកសុខភាពដល់សាលាទាំង២ផងដែរ។

អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងរវាងភាគីទាំងពីរដែលបានឯកភាពគ្នារួមមាន៖
១. ការយកចិត្តទុកដាក់លើសុខភាពសិស្សានុសិស្ស និងបុគ្គលិក MJQE មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ មានជំនាញផ្តល់សេវាព្យាបាលកុមារ២៤ម៉ោង និងផ្តល់ជូនការបញ្ចុះតម្លៃពិសេសដល់សិស្សានុសិស្ស និងបងប្អូនបង្កើតរបស់សិស្ស និងដល់កុលបុត្របុលធីតារបស់បុគ្គលិក ដោយគ្រាន់តែបង្ហាញបណ្ណសម្គាល់ខ្លួន នឹងទទួលបានការបញ្ចុះតម្លៃ ៥% លើវិក្កយបត្រសរុបសម្រាប់សេវាព្យាបាលទូទៅ (លើកលែងសេវាចាក់ថ្នាំបង្ការ)។ ការបញ្ចុះតម្លៃ ១៥% លើសេវាពិនិត្យសុខភាព (Health Check-up)។ លើសពីនេះ ក៏មានការបណ្តុះបណ្តាលសង្គ្រោះបឋម (First Aid) ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិក ២ដងក្នុងមួយឆ្នាំ ដោយឥតគិតថ្លៃ ដើម្បីពង្រឹងសុវត្ថិភាពនៅក្នុងសាលា ។
២. ជាការឆ្លើយតប ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នឹងផ្តល់ជូននូវអាហារូបករណ៍ និងការបញ្ចុះតម្លៃសិក្សាពិសេស ជូនដល់បុគ្គលិកមន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ និងក្រុមគ្រួសារផ្ទាល់ (ប្តី/ប្រពន្ធ និងកូន) សម្រាប់ការចុះឈ្មោះចូលរៀនថ្មីនៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)៖
• ផ្តល់ជូន ១០០% លើតម្លៃតេស្ត និងបញ្ចុះតម្លៃសិក្សាចាប់ពី ១០% ដល់ ២០% (អាស្រ័យតាមសាខា និងកម្រិតសិក្សា) សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង ។
• បញ្ចុះតម្លៃរហូតដល់ ៤០% សម្រាប់ការចុះឈ្មោះចូលរៀនជាកញ្ចប់នៅសាលាទាំងពីរ (Aii និង AIS) ។
កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែជាការផ្លាស់ប្តូរអត្ថប្រយោជន៍ជាជីវកម្មគោលដៅនៃការចុះអនុស្សរណៈយោគយល់គ្នានេះប៉ុណ្ណោះទេ តែភាគីទាំងពីរក៏បានដាក់ក្តីរំពឹង និងការប្តេជ្ញារួមគ្នាថា នេះគឺជាការចាប់ផ្តើមនៃការបង្កើតឱ្យមានការជះឥទ្ធិពលវិជ្ជមានទៅដល់កុមារ និងអ្នកអាណាព្យាបាល តាមរយៈការផ្តល់នូវសេវាសុខាភិបាល និងការអប់រំដែលមានគុណភាព និងស្តង់ដារអន្តរជាតិ។ ក្នុងនោះផងដែរ មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ នឹងបន្តធ្វើឱ្យការសហការនេះមានប្រសិទ្ធភាព ស្របតាមអនុស្សរណៈដែលបានចុះរួមគ្នា៕








