ក្រសួងពាណិជ្ជកម្ម កាលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសសម្ពោធ កម្មវិធី“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ ក្រោមមូលបទ “យុគសម័យថ្មីនៃពាណិជ្ជកម្ម សំដៅឈានទៅជំរុញ និងបង្កើនកិត្យានុភាពផលិតផលក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែមទៀត។“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” រៀបចំឡើងក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” បានរៀបចំឡើងចំនួន ១៨ លើក ចាប់តាំងពីឆ្នាំ ២០០៦ មក ក្នុងគោលបំណង ដើម្បីបង្ហាញអំពីសក្តានុពលសេដ្ឋកិច្ច-ពាណិជ្ជកម្មរបស់កម្ពុជាដែលមានការរីកចម្រើនឥតឈប់ឈរ ផ្សព្វផ្សាយអំពីកាលានុវត្តភាពទីផ្សារ និងជំរុញលើកកម្ពស់សកម្មភាពពាណិជ្ជកម្មនិងវិនិយោគ, លើកកម្ពស់តួនាទីរបស់វិស័យឯកជន, ជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក, ផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ, និងបង្កើនភាពជាដៃគូធុរកិច្ចជាមួយភាគីពាក់ព័ន្ធក្នុងនិងក្រៅប្រទេស ក្នុងការជំរុញការនាំចេញផលិតផលនិងសេវាកម្មរបស់កម្ពុជា។

សូមជម្រាបថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” គឺបើកឱកាសឱ្យមានការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ដ៏អស្ចារ្យនេះដោយសេរី ជាមួយកម្មវិធីជាច្រើនរួមមាន ទស្សនីយភាពចម្រុះដ៏សម្បូរបែប ការតាំងបង្ហាញផលិតផល ការប្រគំតន្ត្រី វេទិកាស្តីពីវិស័យនាំចេញកម្ពុជា កម្មវិធីជំនួបពាណិជ្ជកម្មស្តីពី «កាលានុវត្តភាពនៃទីផ្សារផលិតផលកម្ពុជាក្នុងយុគសម័យថ្មី» និងវេទិកាស្តីពីស្រ្តីក្នុងវិស័យពាណិជ្ជកម្ម វេទិកាអប់រំពីសិស្សនិស្សិត និងការតាំងបង្ហាញផលិតផលពីបណ្ដា ២៥ រាជធានី-ខេត្ត៕ អត្ថបទ៖ហ្សាលីន


