ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ព្រះអង្គបានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបំផ្លាញប្រាង្គប្រាសាទខ្មែរ ពីសំណាកយោធាថៃ ហើយព្រះអង្គបានចាត់ទុក សកម្មភាពនេះ គឺជាកាបំរបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងបូរណភាពទឹកដីខ្មែរផងដែរ។

សូមជម្រាបដែរថា ពាក់ព័ន្ធនឹងការប្រាសាទខ្មែរនេះដែរ អង្គការយូណេស្កូ (UNESCO) នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ក៏បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងដែលបានកើតឡើងសារជាថ្មីរវាងប្រទេសកម្ពុជា និងថៃ រួមទាំងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ អង្គការយូណេស្កូបានធ្វើការអំពាវនាវឱ្យមានការការពារជាបន្ទាន់នូវសម្បត្តិបេតិកភណ្ឌវប្បធម៌ក្នុងតំបន់នេះ តាមគ្រប់ទម្រង់ទាំងអស់ ។

អង្គការនេះ ក៏រំលឹកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ។
អង្គការយូណេស្កូ ថានឹងបន្តតាមដានស្ថានភាពនៃសម្បត្តិបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់នេះ ដើម្បីធានាឱ្យមានការការពារ។ ដើម្បីសម្រេចគោលដៅនេះ អង្គការយូណេស្កូបានផ្តល់ព័ត៌មានដល់ភាគីពាក់ព័ន្ធទាំងអស់នូវទីតាំងភូមិសាស្ត្រ (coordinates) នៃទីតាំងនានាដែលស្ថិតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាទីតាំងដែលមានសារៈសំខាន់ថ្នាក់ជាតិ ដើម្បីជៀសវាងការខូចខាតដែលអាចកើតឡើង៕ អត្ថបទ៖ ហ្សាលីន



