សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងថា ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយ ឯកឧត្ដម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយ ឯកឧត្ដម Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។

ខ្ញុំបានថ្លែងអំណរគុណឯកឧត្ដមទាំងពីរ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។
ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មីរវាងប្រទេសទាំងពីរ ខ្ញុំបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។ វិធីសាស្រ្តនេះអាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។



