ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរ ខណៈសម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល ស្ថិតនៅជាមួយប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ពរបស់យើងគ្រប់ពេលវេលា។

នៅលើទំព័រហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសថា៖« ខ្ញុំមានមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង»។
សម្តេចធិបតី បន្តថា ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហានការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ជាថ្មីម្តងទៀត សម្តេចធិបតី ក៏សូមឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលដ៏រឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មការពារទឹកដី ខណៈសម្តេចធិបតី អះអាងថា រាជរដ្ឋាភិបាលស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។
សូមជម្រាបថា គិតត្រឹមថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៥ ចំនួនជនស៊ីវិលកម្ពុជា បានស្លាប់ពីការវាយប្រហារដោយសកម្មភាពឈ្លានពានប្រដាប់អាវុធថៃ បានកើនដល់ ១២នាក់ , រងរបួស ៧៤ នាក់ និងមានជនភៀសសឹកកើនដល់ជាង ៤០ ម៉ឺននាក់ផងដែរ៕ អត្ថបទ៖ ហ្សាលីន

