CDC និងធនាគារចំនួន៦ រួមគ្នាជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចពិភាក្សាជាមួយធនាគារចំនួន៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃការផ្តល់សេវា និងការប្រមូលចំណូល តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ និងប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP និងជាការត្រៀមលក្ខណៈយុទ្ធសាស្ត្រក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែង និងមានភាពធន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សានេះ បានធ្វើឡើងកាលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្រោមវត្តមានលោក សួន សុផល អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ជាមួយតំណាងធនាគារចំនួន៦ រួមមាន៖ ធនាគារអេស៊ីលីដា ភីអិលស៊ី, ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា, ធនាគារ វីង, ធនាគារ កាណាឌីយ៉ា, ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់, និង ធនាគារ ជីបម៉ុង។

កិច្ចពិភាក្សាពាក់ព័ន្ធនឹងការសហការតភ្ជាប់ប្រព័ន្ធ cdcOSP នេះ មិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការត្រៀមលក្ខណៈយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគក្នុងយុគសម័យឌីជីថល បើទោះបីជាប្រទេសជាតិកំពុងស្ថិតក្នុងបរិបទដ៏តានតឹង ដោយសារស្ថានការណ៍ការឈ្លានពានពីបរទេសកំពុងតែក្តៅគគុកក៏ដោយ។ ការរៀបចំប្រព័ន្ធទូទាត់ឌីជីថលប្រកបដោយប្រសិទ្ធភាព នឹងចូលរួមជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យបានលឿនរហ័សឡើងវិញ តាមរយៈការទាក់ទាញ និងសម្រួលលំហូរវិនិយោគប្រកបដោយទំនុកចិត្ត។

សូមជម្រាបថា ប្រព័ន្ធ cdcOSP នេះគឺជាចំណុចគន្លឹះដ៏សំខាន់ នៃប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ ដែលបាននិងកំពុងសម្រួលដល់ការបង់កម្រៃសេវាឱ្យមានលក្ខណៈសម្បូរបែប និងស្វ័យប្រវត្តិ ដោយអាចទូទាត់បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលា៕ អត្ថបទ៖ហ្សាលីន