ទោះស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យទេសចរណ៍កម្ពុជា នៅតែមានភាពធន់នឹងវិបត្តិ

សង្គម​ និង​សេដ្ឋកិច្ច

ទោះស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យទេសចរណ៍កម្ពុជា ក៏នៅតែមានភាពធន់នឹងវិបត្តិ ដោយសារក្នុងស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ រដ្ឋ និង វិស័យឯកជន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដាក់ចេញវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង ឱ្យបានទាន់ពេលវេលា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏ដឹកនាំកិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ជាមួយវិស័យឯកជន ដើម្បីបន្តកិច្ចពិភាក្សាក្នុងការដាក់ចេញនូវវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍ ដើម្បីឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែន កម្ពុជា ថៃ ដែលបង្កផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា។ កិច្ចពិភាក្សាក៏បានផ្តោតលើការជំរុញការផ្សព្វផ្សាយកម្ពុជា  ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ និងបដិសណ្ឋារកិច្ចល្អ ព្រមទាំងទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងព័ត៌មានដែលវាយប្រហារមកលើវិស័យទេសចរណ៍កម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវឱ្យប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ បន្តសកម្មភាពជាប្រក្រតី និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជួយគាំទ្រប្រតិបត្តិករ និងមូលដ្ឋានអាជីវកម្មទេសចរណ៍ ជាពិសេសនៅក្នុងដំណាក់កាលដ៏លំបាកនេះ ដែលក្រសួងទេសចរណ៍ សូមដាក់ចេញនូវ រដូវកាលសាមគ្គីភាព (Solidarity Season) ដែលខ្មែរជួយខ្មែរ, ខ្មែរជួយអាជីវកម្មរបស់ខ្មែរ, ខ្មែរជួយសេដ្ឋកិច្ចខ្មែរ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីរដ្ឋលេខាធិការប្រចាំការ, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក គឹម មិនា នាយកប្រតិបត្តិ CTB, ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា, ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, ឧកញ៉ា ហ៊ី សុធា ប្រធានសមាគមថ្នាក់ជាតិសណ្ឋាគារ, លោក ម៉េត សុជាតិ តំណាងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា, លោក ណម វិស្សុត នាយកប្រតិបត្តិក្រុមហ៊ុន អ៊ែរ អេស៊ា ខេមបូឌា និង អ្នកចូលរួម សរុបប្រមាណ ២០រូប៕