នាយរករដ្ឋមន្រ្តីកម្ពុជា-វៀតណាម សម្ពោធដាក់ឱ្យប្រើប្រាស់ច្រកទ្វារ​អន្តរ​ជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ផាម មិញជីញ នាយករដ្ឋមន្ត្រី​វៀតណាម បានសម្ពោធដាក់ឱ្យដំណើរការនូវច្រកទ្វារ​អន្តរ​ជាតិម៉ឺនជ័យ-តឹនណាមជាផ្លូវការហើយ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ ស្រុក​កំចាយ​មារ ខេត្តព្រៃវែង នៅទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិ​តឹន​ណាម ស្ថិតនៅភូមិតឹនណាម ឃុំតាំងចិន ស្រុកតាំងបៀង ខេត្តតៃនិញ ប្រទេសវៀតណាម។ច្រកទ្វារព្រំដែននេះ ដំបូងឡើយ​ជាច្រករបៀង ដែលប្រជាពលរដ្ឋទាំង​សង​ខាង (កម្ពុជា- វៀតណាម) តែងតែដោះដូរទំនិញ និងកសិផល​ទៅ​វិញ​ទៅមក ក្រោយមកនៅកំលុងឆ្នាំ២០១០ រាជរដ្ឋាភិបាលកម្ពុជា បាន​បង្កើតទៅជាច្រកទ្វារព្រំដែនតំបន់ ហើយដំឡើងទៅជាច្រកទ្វារព្រំដែន​អន្តរជាតិនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៤។

ដោយឡែកនៅខាងច្រកទ្វារព្រំដែនតឹនណាម លើទឹកដីវៀតណាមវិញ ត្រូវបានរដ្ឋាភិបាលវៀតណាម យល់ព្រមជាគោលការណ៍ដំឡើងច្រក​ទ្វារ​នេះ ទៅជាច្រកទ្វារអន្តរជាតិ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។

សូមជម្រាបថា សំណង់ហេដ្ឋារចនាសម្ព័ន្ធច្រក​ទ្វារ​ព្រំដែននេះ បានសាងសង់លើផ្ទៃដីសរុបចំនួន ៨៩.៥៧៧ម៉ែត្រការ៉េ ដោយបានដោះស្រាយផលប៉ះពាល់ជូនអ្នកពាក់ព័ន្ធបានរួចរាល់នៅឆ្នាំ២០២០ រួមមានអគារបំពេញបែបបទចេញ-ចូលចំនួន២ខ្នង អគាររដ្ឋបាល​កម្ពស់២ជាន់ ចំនួន ១ខ្នង អគារស្នាក់នៅកម្ពស់ ១ជាន់ ចំនួន ២ខ្នង អាហារដ្ឋានចំនួន ២ខ្នង និងអាងចម្រោះទឹកស្អាតចំនួន ១ខ្នង របង​បេតុង ប្រវែងសរុប ៥៩៨ម៉ែត្រ ប្រព័ន្ធបង្ហូរទឹក ប្រវែងសរុប ១.២៤២ម៉ែត្រ បង្គោលអំពូលសូឡាទោល និងអំពូលសូឡាភ្លោះ ចំនួន ៧៦ដើម។

ច្រកទ្វារអន្តរជាតិម៉ឺនជ័យនេះ ចំណាយថវិកាសរុបចំនួន ២៦.៤២៤.៦៧៣.៥០០រៀល ក្នុងនោះថវិកាសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធ ចំនួន ២២.៨៧៨.៣៧០.៥០០រៀល និងថវិកាដោះស្រាយផលប៉ះពាល់​ចំនួន ៣.៥៤៦.៣០៣.០០០រៀល។

ការដំឡើងកម្រិតច្រកទ្វារម៉ឺនជ័យ-តឹនណាម ទៅជាច្រកទ្វារអន្តរជាតិ ជួយជំរុញបន្ថែមនូវទំហំការដោះដូរពាណិជ្ជកម្មកម្រិតតំបន់ (ព្រៃវែង​-តៃនិញ) ជាកម្រិតថ្នាក់ជាតិ (កម្ពុជា-វៀតណាម) និងកម្រិតអន្តរជាតិ ជាលំហូរពាណិជ្ជកម្មនៃទំនិញចេញ-ចូល មកពីប្រទេសផ្សេងៗ​ទៀត​ផងដែរ។

របាយការណ៍បានបញ្ជាក់ថា គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥នេះ សរុបចំនួន​មនុស្សឆ្លងកាត់ចេញមានចំនួន ៣,១៨៦នាក់ ស្រី ១,៣៧៦នាក់ និង​សរុប​ចំនួនមនុស្សឆ្លងកាត់ចូលមានចំនួន ២,១៥១នាក់ ស្រី ៨៦៧នាក់ ចំណែកឯការដោះដូរពាណិជ្ជកម្មឆ្លងកាត់ច្រកទ្វារព្រំដែន ភាគីទាំងពីរ​បាន​​បង្កលក្ខណៈងាយស្រួលដល់អាជីវករ ពាណិជ្ជករ ការដឹកជញ្ជូនដោះ​ដូរកសិផល និងទំនិញផ្សេងៗរួមមាន៖ ដំឡូងមី អំពៅ ស្វាយ បន្លែ ផ្លែ​ឈើ គ្រឿងចាប់ហួយ គ្រឿងសំណង់ -ល-៕អត្ថបទ៖ហ្សាលីន