កម្ពុជា-អូស្រ្តាលី រៀបចំយន្តការអនុវត្ត “ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា”

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិភាក្សាអំពីការរៀបចំយន្តការអនុវត្ត “ក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា”។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមាន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងតំណាងស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។

កិច្ចប្រជុំនេះ បានឱ្យដឹងថា “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិឧស្សាហកម្មនៅកម្ពុជា” ត្រូវបានរៀបចំដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រោមការសហការជាមួយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី CAPRED ដោយបានធ្វើការសិក្សាសមិទ្ធិលទ្ធភាពក្នុងការបង្កើតសួនកសិឧស្សាហកម្មនៅកម្ពុជា ដែលការសិក្សានេះបានបង្ហាញថា កម្ពុជាពិតជាមានសក្តានុពលក្នុងការបង្កើតសួនកសិឧស្សាហកម្មទាំងក្នុងទិដ្ឋភាពតម្រូវការ និងការផ្គត់ផ្គង់។

កិច្ចប្រជុំដដែលបានបន្តថា សួនកសិឧស្សាហកម្មនៅកម្ពុជាសួននេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម និងកសិឧស្សាហកម្មក្នុងរយៈពេលមធ្យម និងវែង ព្រមទាំងរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យកសិកម្ម ដោយទាក់ទាញវិនិយោគឯកជន ក្នុងគោលដៅជំរុញការកែច្នៃកសិផល សំដៅបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។ ដោយពិនិត្យឃើញនូវសារៈសំខាន់ទាំងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុម័តក្របខ័ណ្ឌនេះ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

តាមរយៈកិច្ចប្រជុំខាងលើ ភាគីពាក់ព័ន្ធ បានបញ្ជាក់ថា ដើម្បីទាក់ទាញការវិនិយោគលើសួនកសិឧស្សាហកម្មដោយជោគជ័យ និងគ្រប់គ្រងការអភិវឌ្ឍឱ្យប្រព្រឹត្តិទៅដោយរលូន ត្រូវការយន្តការស្ថាប័នច្បាស់លាស់សម្រាប់ដឹកនាំ សម្របសម្រួល និងគ្រប់គ្រងការលើកទឹកចិត្តពិសេសឱ្យមានប្រសិទ្ធភាព ព្រមទាំងផ្តល់ទិសដៅជាយុទ្ធសាស្ត្រលើការអភិវឌ្ឍសួនកសិឧស្សាហកម្ម។ ផ្អែកតាមក្របខ័ណ្ឌនេះ CDC បានប្រគល់តួនាទីជាយន្តការច្រកចេញចូលតែមួយក្នុងការគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស រួមទាំងសួនកសិឧស្សាហកម្ម ដែលចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលការលើកទឹកចិត្តដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគកម្ពុជា៕អត្ថបទ៖ហ្សាលីន