សភាពាណិជ្ជកម្មកម្ពុជា សម្រេចបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា សម្រេចបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី ដើម្បីជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ។ ការបង្កើតក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចនេះ ធ្វើឡើងដោយមានការស្នើសុំពីធុរជនអូស្រ្តាលី និងក្រសួងពាណិជ្ជកម្ម ហើយសភាពាណិជ្ជកម្មកម្ពុជា បានឯកភាពគាំទ្រជាគោលការណ៍ទៅលើការបង្កើត ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្ម កាលពីថ្ងៃទី៥ មករា បានបង្ហាញថា ក្រុមប្រឹក្សានេះ នឹងជួបប្រជុំគ្នាជាទៀងទាត់ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអនុវត្តន៍សកម្មភាពជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី រួមមានដូចជា រៀបចំសិក្ខាសាលាធុរកិច្ច បេសកកម្មពាណិជ្ជកម្ម ទស្សនកិច្ចធុរកិច្ច និងសកម្មភាពផ្សេងៗទៀត។

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចកម្ពុជា-អូស្ត្រាលី បំពេញភារកិច្ចសំខាន់ៗ ដូចជាផ្តល់យោបល់អំពីការទាក់ទាញការវិនិយោគដោយផ្ទាល់ពីបរទេស និងពាណិជ្ជកម្ម ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ការតភ្ជាប់ឧស្សាហកម្មនិងធុរកិច្ចរវាងកម្ពុជា និងអូស្ត្រាលី។

ទន្ទឹមនឹងនេះក៏ដើម្បីបង្កលក្ខណៈងាយស្រួល និងតភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនអូស្ត្រាលី និងក្រុមហ៊ុនអន្តរជាតិ ដើម្បីជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍មកកាន់កម្ពុជា។

សូមជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា អូស្រ្តាលី សម្រេចបានប្រមាណជាង ៤៧៨ លាន ដុល្លារ រយៈពេល ១១ខែ ឆ្នាំ ២០២២ ពោលគឺកើនឡើងកើន ៦៩,៧ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២១។ នេះ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។

សូមរំលឹកថា ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា – អូស្ត្រាលី មានទឹកប្រាក់សរុប ៣២៤ លានដុលា្លរ កើនឡើង ៥២ ភាគរយ បើធៀបនឹង ឆ្នាំ ២០២០។ នេះបើតាមយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា៕