គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបាន ៩៧%

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ដែលសម្រេចបានប្រមាណ ៩៧% ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។ នេះបើតាមឱ្យដឹងតាមរយៈក្រសួងធនធានទឹក និងឧតុនិយម ក្នុងដំណើរចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ដឹកនាំដោយលោក ថោ ជេដ្ឋា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តការយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ ជាពិសេសលើគុណភាព និងសុវត្ថិភាពការងារ ស្របតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

គួរឱ្យដឹងថា អនុគម្រោងប្រព័ន្ធរំដោះទឹកស្ទឹងតូច ស្ថិតក្នុងខេត្តកំពង់ស្ពឺ មានការងារសំខាន់ៗដូចជា ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ និងសំណង់ស្ទាក់ទឹកមួយកន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ។  ចំណែក អនុគម្រោងប្រព័ន្ធប្រឡាយមេជើងឯក ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានការងារសំខាន់ៗដូចជា សំណង់ប្រឡាយជើងឯកបីខ្សែប្រវែងប្រមាណ ២៧,៥គីឡូម៉ែត្រ និងសំណង់ស្ថានីយបូមទឹកចំនួនពីរកន្លែងគឺស្ថានីយបូមទឹកអន្លង់គង និងស្ថានីយសាក់សំពៅ។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងអនុវត្តយ៉ាងសកម្មគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណប ជំហានទី១ និងទី២ ដែលមានអនុគម្រោងចំនួន ១០ ក្នុងនោះ មានការងារស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង៕