កម្ពុជា ស្នើឥណ្ឌូនេស៊ីបង្កើតរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃដំឡូងមីទៅជាផលិតផលឱសថ

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានជំរុញទៅកាន់ប្រទេសឥណ្ឌូនេស៊ីវិនិយោគបង្កើតរោងម៉ាស៊ីនកិនស្រូវ និងរោងចក្រកែច្នៃអំឡូងមីជាផលិតផលឱសថ ដើម្បីពង្រីកទីផ្សារនាំចេញ និងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី។នេះបើតាមជំនួបពិភាក្សាការងារជាមួយ លោក Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យវិនិយោគិនឥណ្ឌូនស៊ី អាចមកវិនិយោគលើវិស័យកសិកម្ម ដូចជាការបង្កើតរោងម៉ាស៊ីនកិនស្រូវ ការកែច្នៃអំឡូងមីជាផលិតផលឱសថ និងប្រដាប់វេចខ្ចប់ សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ ការកែច្នៃស្វាយ និងផ្លែឈើផ្សេងៗ។ លើសពីនេះ លោកក៏បានជំរុញភាគីឥណ្ឌូនេស៊ី នាំចូលផលិតផលកសិកម្មពីកម្ពុជា ដូចជា អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី និងស្វាយ ជាដើម ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា និងកំពុងត្រូវបានជំរុញឱ្យមានការនាំចេញទៅកាន់ទីផ្សារអន្តរជាតិនានា។

 លោកបន្តថា៖ «ការជំរុញឱ្យនាំចូលផលិតផលកម្មសំខាន់ៗ ជាពិសេស អង្ករកម្ពុជាដែលទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកចំនួន ៥ដង ហើយការទទួលបានពានរង្វាន់អង្ករល្អដាច់គេលើពិភពលោកលើកចុងក្រោយគឺនៅឆ្នាំ២០២២ នៅប្រទេសថៃឡង់ដ៏ផងដែរ»។

ទន្ទឹមនឹងនោះដែរ លោកថែមទាំងបានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនស៊ីភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជាឲ្យបានឆាប់ៗ ដើម្បីសម្រួលដល់លំហូរវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរថែមទៀត។

ជាការឆ្លើយតប លោក Enggartiasto Lukita អតីតរដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី បានបង្ហាញអំពីគោលបំណងក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគី លំហូវិនិយោគ និងទេសចរណ៍ រវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

គួរបញ្ជាក់ដែរថា តាមរយៈជំនួបខាងលើនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មឥណ្ឌូនេស៊ី ក៏បានកត់សម្គាល់ផងដែរថា កម្ពជាមានការអភិវឌ្ឍសេដ្ឋកិច្ចរីកចម្រើននិងមានកំណើនធន់រឹងមាំ ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ និងស្ថេរភាពសេដ្ឋកិច្ច ជាពិសេសលោកក៏បានកោតសរសើពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញទំនិញកសិកម្ម និងទាក់ទាញវិនិយោគផងដែរ៕ អត្ថបទ៖​ពិសី