ក្រុមហ៊ុនចំនួន២ បានបង្ហាញពីចក្ខុវិស័យ និងមានផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងពីរនេះ បានមកជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្មអំពីរឿងនេះរួចរាល់ហើយ។

នេះបើយោងតាមជំនួបពិភាក្សារវាងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជាមួយគណៈប្រតិភូក្រុមហ៊ុន Guansheng Group, Mainland Group ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន KIMS Rubber (Cambodia) Co., Ltd និង Zhisheng Energy ព្រមទាំងសហការី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនទាំងពីរបានជម្រាបជូន លោកស្រីរដ្ឋមន្ត្រី អំពីចក្ខុវិស័យវែងឆ្ងាយ និងផែនការយុទ្ធសាស្ត្រក្នុងការវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ជាពិសេសការផ្តោតលើការកែច្នៃកសិផលសក្តានុពលរបស់កម្ពុជា រួមមាន៖ គ្រាប់ស្វាយចន្ទី និងដំឡូងមីជាដើម ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាកិច្ចឆ្លើយតប លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ប្រកបដោយសក្កដានុពល និងមានភាពប្រកួតប្រជែងខ្ពស់ ព្រមទាំងបានសង្កត់ធ្ងន់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបានរបស់វិស័យឯកជន ដែលជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ ក្រសួងពណិជ្ជកម្ម ក៏បានសម្តែងនូវការអបអរសាទរ និងថ្លែងអំណរគុណចំពោះក្រុមហ៊ុន Mainland Group (ដែលជាក្រុមហ៊ុនមេនៃក្រុមហ៊ុន KIMS Rubber Cambodia Co., Ltd) ចំពោះការសម្រេចចិត្តជាយុទ្ធសាស្ត្រក្នុងការបោះទុនវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃនៅកម្ពុជា ដែលនេះជាសក្ខីភាពមួយស្តែងឱ្យឃើញពីទំនុកចិត្តខ្ពស់របស់វិនិយោគិនបរទេសមកលើស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា៕ អត្ថបទ៖ហ្សាលីន



