ប្រេសិតពិសេសចិន៖ ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាសម្របសម្រួលការសន្ទនារវាងកម្ពុជា-ថៃ លើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី

សង្គម​ និង​សេដ្ឋកិច្ច

លោក តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្រប សម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្ដេជ្ញាចិត្ដនេះរបស់ប្រេសិតពិសេសចិន ធ្វើឡើងនៅក្នុងឱកាសនៃការចូលជួបសម្តែងការគួរសមជាមួយ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងជំនួបនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាងបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ាតែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់។

សម្ដេចធិបតីនាយករដ្ឋមន្តី្រ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាននូវដំណោះស្រាយយុត្ដិធម៌ យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ជាពិសេស ចំពោះឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់ឯកឧត្តម ដើម្បីស្ដារសន្តិភាពរវាងប្រទេសទាំងពីរ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាង ពេញលេញ ចំពោះបទឈប់បាញ់ចាប់តាំងពីចូលជាធរមាន ហើយក៏បានប្រកាន់ខ្ជាប់ផងដែរនូវ គោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គោលការណ៍នេះនៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនកម្ពុជារួច។

ជាការឆ្លើយតប លោក តេង ស៊ីជុន បានបញ្ជាក់ជាថ្មីថា ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្រប សម្រួលការសន្ទនារវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី។  ប្រេសិតពិសេសចិន បានសង្កត់ធ្ងន់ថា ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ប្រទេសចិនត្រៀមខ្លួនចូល រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្ដារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឱ្យប្រជាជន នៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្ដល់ជំនួយមនុស្ស ធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់៕