ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញកង្វល់នៅចំពោះមុខលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន អំពីស្ថានភាពមនុស្សធម៌ដែលកាន់តែអាក្រក់ទៅៗ ដែលបានជះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់។

មុននឹងអញ្ជើញមាតុភូមិនិវត្តន៍វិញ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត កៅ គឹមហួ អំឡុងពេលនៃការចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។
នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវកង្វល់ចំពោះស្ថានភាពមនុស្សធម៌ដែលកាន់អាក្រក់ទៅៗ ដែលបានជិះឥទ្ធិពលដល់ជនភៀសសឹកកម្ពុជាជាងកន្លះលាននាក់ និងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពរួមក្នុងតំបន់ ស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិ ដោយផ្អែកលើស្មារតីនៃការចូលរួមដោយស្ថាបនាជាមួយបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ និងដៃគូនានា៕

