អាជ្ញាធរខេត្តតាកែវ ជំរុញឱ្យសេវាករអគ្គិសនីពង្រឹងគុណភាពសេវា និងធានាសុវត្ថិភាពបណ្តាញ ដើម្បីឆ្លើយតប តម្រូវការប្រជាពលរដ្ឋ

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តតាកែវ៖ លោក យង់ សុវឌ្ឍនា អភិបាលរងខេត្តតាកែវ បានដាក់ចេញនូវការណែនាំដល់បណ្ដាសេវាករ​អគ្គិសនី​ទូទាំងខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្ដល់សេវា និងការរៀបចំបណ្តាញខ្សែភ្លើងឱ្យមាន​របៀប​រៀបរយ ដើម្បីធានាបាននូវទំនុកចិត្ត និងសុវត្ថិភាពជូនអ្នកប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្ដីពីការផ្គត់ផ្គង់ចរន្តអគ្គិសនី រវាងរដ្ឋបាលខេត្ត និងសេវាករ​អគ្គិសនី កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។

លោក យង់ សុវឌ្ឍនា បានមានប្រសាសន៍បន្តថា អាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ គឺ អគ្គិសនីគឺជាក្បាលម៉ាស៊ីន​ដ៏សំខាន់​សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលទាមទារឱ្យមានការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព ហើយក្នុងនោះ សេវាករត្រូវគិតគូរឱ្យបានដិតដល់​នូវគុណភាព​សេវាកម្ម និងតម្លៃឱ្យបានសមរម្យស្របតាមច្បាប់កំណត់។

លោក យង់ សុវឌ្ឍនា បន្តថា រាល់បណ្តឹង សំណើ ឬសំណូមពរផ្សេងៗពីសំណាក់អតិថិជន ត្រូវតែដោះស្រាយ​ឱ្យបានឆាប់រហ័សបំផុត ហើយក្នុងនោះ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំបណ្តាញខ្សែភ្លើង​ឱ្យមាន​សណ្តាប់ធ្នាប់ ជៀសវាងការធ្លាក់រញ៉េរញ៉ៃ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស សត្វ និងប៉ះពាល់ដល់​សោភ័ណភាពភូមិឃុំ។

លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរថា សេវាករទាំងអស់ត្រូវបន្តពង្រីកវិសាលភាព​នៃការផ្គត់ផ្គង់អគ្គិសនី​ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីធានាថាប្រជាពលរដ្ឋនៅគ្រប់តំបន់ក្នុងខេត្តតាកែវ ទទួលបានថាមពល​អគ្គិសនីប្រើប្រាស់ប្រកបដោយសមធម៌ និងប្រសិទ្ធភាព៕