ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ពីប្រទេសចិនថា បើគ្មានអ្វីប្រែប្រួលទេ ម៉ោង១២ថ្ងៃត្រង់ស្អែកនេះ កម្ពុជានឹងទទួលស្វាគមន៍«វីរៈកងទ័ព១៨នាក់» ដែលថៃប្រគល់មកវិញ។

ផ្ដល់បទសម្ភាសន៍ អំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំត្រីភាគី ជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងលោក សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ នៅខេត្តយូណាន ប្រទេសចិន នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥, ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា « ទាហានយើងទាំង១៨នាក់ នឹងត្រូវបានដោះលែងមកវិញបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមានរយៈពេល៧២ម៉ោង ក្រោមការសម្របសម្រួលរបស់កាកបាទក្រហមអន្ដរជាតិ។»
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សង្ឃឹមថា គ្មានបញ្ហាអ្វីកើតឡើងចាប់ពីពេលនេះរហូតដល់ម៉ោង១២ថ្ងៃត្រង់ ស្អែកនេះ, យើងនឹងបានទទួលស្វាគមន៍ទាហានយើងទាំង១៨នាក់ ដើម្បីបានវិលត្រឡប់មកផ្ទះសម្បែង ជួបជុំក្រុមគ្រួសារគាត់វិញដោយសុវត្ថិភាព។
សូមជម្រាបជូនថា គិតមកដល់ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃទី១៥៣ ហើយ ដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ។
កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ នូវសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ត្រង់កថាខណ្ឌទី៥ បានគូសបញ្ជាក់ថា “ភាគីថៃត្រូវដោះលែងយោធិនទាំង១៨នាក់របស់កម្ពុជាជាបន្ទាន់ដោយមិនបង្អែបង្អង់” ព្រមទាំងគោរពនិងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិ ដោយដោះលែងវីរកងទ័ពកម្ពុជាឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីពួកគាត់អាចវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ ប្រកបដោយសុខសុវត្ថិភាព៕

