សម្ដេចធិបតី៖ អាជ្ញាធរមានសមត្ថកិច្ចដែលមានចេតនាលាក់បាំងជនបរទេសចូលមកកម្ពុជាខុសច្បាប់ឱ្យស្នាក់នៅក្នុងទីតាំងណាមួយ ត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយមិនទាន់គិតទោសព្រហ្មទណ្ឌ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ។ ដោយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នេះ បានកំណត់អំពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីធានាដល់សន្តិសុខ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមមាត្រា២១ ក្នុងអនុក្រឹត្យខាងលើ ត្រង់ជំពូកទី៦ បានបញ្ជាក់ថា អាជ្ញាធរមានសមត្ថកិច្ចដែលមិនបានបំពេញតួនាទីដោយភាពស្មោះត្រង់ មានចេតនាលាក់បាំងជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ឱ្យស្នាក់នៅក្នុងទីតាំងណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវបណ្តេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតនៅឡើយ។

ជាមួយគ្នានេះ ត្រង់មាត្រា២០ ក៏បានបញ្ជាក់ថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤ ០០០ ០០០ (បួនលាន) រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

សូមបញ្ជាក់ថា អនុក្រឹត្យនេះ មានវិសាលភាព អនុវត្តចំពោះប្រធានអង្គភាព ឬម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រង ទីតាំងរស់នៅប្រមូលផ្តុំ និងអ្នកស្នាក់នៅ តាមទីតាំងរស់នៅប្រមូលផ្តុំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែ កន្លែងស្នាក់នៅប្រមូលផ្តុំ របស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ។

សូមអានអនុក្រឹត្យលម្អិតខាងក្រោម៖