សម្តេចតេជោ៖ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ នឹងកាន់តែរឹងមាំថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានបង្ហាញក្តីសង្ឃឹមថា ចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ នឹងកាន់តែរឹងមាំថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសារលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់លោកបណ្ឌិត Thongloun Sisoulith ក្នុងឱកាសដែលលោកបានជាប់ឆ្នោតសាជាថ្មី ជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ កាលថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៦។

នៅក្នុងលិខិតនោះ សម្តេច ហ៊ុន សែន បានចាត់ទុកការបន្តកាន់តំណែង លោក ថងលួន ស៊ីសូលីត គឺជាសក្ខីភាពបញ្ជាក់ច្បាស់ពីទំនុកចិត្ត ដ៏មុតមាំ របស់គណបក្សប្រជាជនបដិវត្តន៍ឡាវ និង ប្រជាជនឡាវ លើសមត្ថភាព និងមគ្គទេសក៍ដ៏ឈ្លាសវៃរបស់ លោក ថងលួន ស៊ីសូលីត ក្នុងការដឹកនាំការអភិវឌ្ឍជាតិ ដើម្បីឱ្យប្រជាជនឡាវអាចមាន ជីវភាពរស់នៅដោយរីករាយក្នុងសន្តិភាពជានិរន្តរ៍ ស្ថិរភាព និងវិបុលភាពកាន់តែប្រសើរឡើង។

សម្តេចតេជោ ក៏បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយត្រឹមត្រូវ ចក្ខុវិស័យវែងឆ្ងាយ និងសម្លឹងទៅអនាគតរបស់លោក គណបក្សប្រជាជនបដិវត្តន៍ឡាវនឹងទទួលបានការជឿទុកចិត្ត និងការគាំទ្រកាន់តែច្រើនពីប្រជាជនឡាវ ហើយ ទទួលបានជោគជ័យកាន់តែធំក្នុងការអនុវត្តគោលនយោបាយនិងសេចក្តីសម្រេចចិត្តដែលបានអនុម័តដោយមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១២។

តាមរយៈសារលិខិតខាងលើ សម្តេចតេជោ ហ៊ុន សែន ក៏បង្ហាញក្តីទុកចិត្តផងដែរថា ចំណងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង គណបក្សប្រជាជនកម្ពុជា និង គណបក្សប្រជាជនបដិវត្តន៍ឡាវ ក៏ដូចជារវាងប្រជាជនយើងទាំងពីរ នឹងកាន់តែរឹងមាំ ឡើងនាពេលអនាគតដ៏យូរអង្វែងស្របតាមស្មារតី នៃ “កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពគង់វង្សយូរ អង្វែង» ថែមទៀតផងដែរ៕ អត្ថបទ៖ហ្សាលីន