គម្រោងវិនិយោគក្នុងខេត្តតាកែវដែលចុះបញ្ជីនៅឆ្នាំ២០២៥ កើនឡើងជាង៤០០% បើធៀបនឹងឆ្នាំមុន

សង្គម​ និង​សេដ្ឋកិច្ច

អភិបាល នៃគណៈអភិបាល ខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា គម្រោងវិនិយោគនៅក្នុងខេត្តតាកែវដែលមានចុះបញ្ជីនៅក្នុងឆ្នាំ២០២៥ កើនឡើងជាង៤០០% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ គម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅ CDCកើនឡើង១២០% និងនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ កើនឡើង២៩២%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលទ្ធផលសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦របស់រដ្ឋបាលខេត្តតាកែវ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ គម្រោងវិនិយោគបង្កើតរោងចក្រក្នុងខេត្តតាកែវតាមរយៈការចុះបញ្ជីនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC )មានចំនួន៤៤ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង១២០%។ ចំណែកនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន៥១ក្រុមហ៊ុន កើនឡើង២៩២% ។

ឯកឧត្តអភិបាលតាកែវ បានបញ្ជាក់ថា លទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្នុងការថែរក្សា សន្តិភាព ស្ថេរភាពនយោបាយ ការថែរក្សាសន្តិសុខសុវត្ថិភាព ផ្តល់ឱកាសដល់អ្នកវិនិយោគគ្រប់ជាតិសាសន៍ ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ឯកឧត្តម វ៉ី សំណាង ឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ១ (ខ្ពស់ផុតលេខ) ត្រូវបានព្រះមហាក្សត្រ ចេញ ព្រះរាជក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែង ពីអភិបាលនៃ គណៈអភិបាលខេត្តកំពង់ស្ពឺ មកជា អភិបាលនៃ​គណៈអភិបាល ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ក្រោយកាន់តំណែងជាអភិបាលខេត្តថ្មីនេះ ឯកឧត្តម តែងតែខិតខំទាក់ទាញអ្នកវិនិយោគិន មកកាន់ខេត្តតាកែវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋានខេត្តនេះ ឱ្យកាន់តែរីកចម្រើនឥតឈប់ឈរ៕