ក្រសួងពាណិជ្ជកម្មកម្ពុជា បានបើកកិច្ចប្រជុំផ្ទៃក្នុងដើម្បីជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបឱ្យកាន់តែល្អប្រសើរថែមទៀត។កិច្ចប្រជុំនេះ ដឹកនាំដោយលោក រដ្ឋ សារ៉ាវុធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ហើយបានធ្វើឡើងកាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។

លោក រដ្ឋ សារ៉ាវុធ បានឱ្យដឹងថា កិច្ចប្រជុំផ្ទៃក្នុងរបស់ក្រសួងពាណិជ្ជកម្ម គឺក្នុងគោលបំណងពិនិត្យ និងផ្តល់ធាតុចូលលើខឹ្លមសារសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ក្នុងគោលដៅផ្តួចផ្តើមបង្កើតឱ្យមាននូវក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ចទ្វេភាគីរវាងប្រទេសទាំងពីរ ដែលនឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

សូមជម្រាបដែរថា ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនេះដែរ ក្រសួងពាណិជ្ជកម្ម ធ្លាប់បានឱ្យដឹងថា ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា សម្រាប់ឆ្នាំ២០២៥ កន្លងទៅ ក្នុងនោះរួមមាន៖ ចិន ១៩,៧៣ ពាន់លានដុល្លារអាមេរិក, អាស៊ាន ១៦,៣៧ ពាន់លានដុល្លារអាមេរិក, សហរដ្ឋអាមេរិក ១៣,១៥ ពាន់លានដុល្លារអាមេរិក, សហភាពអ៊ឺរ៉ុប ៥,៨៧ ពាន់លានដុល្លារអាមេរិក, ជប៉ុន ២,៥៣ពាន់លានដុល្លារអាមេរិក, កាណាដា ១,៣៣ ពាន់លានដុល្លារអាមេរិក, ចក្រភពអង់គ្លេស ១,០៧ ពាន់លានដុល្លារអាមេរិក, សាធារណរដ្ឋកូរ៉េ ៩២៣,០៥ លានដុល្លារអាមេរិក, អូស្ត្រាលី ៦២៥,៨៧ លានដុល្លារអាមេរិក, ឥណ្ឌា ៥១០,៦៩ លានដុល្លារអាមេរិក និងអេមីរ៉ាត់អារ៉ាប់រួម ៩៨,៧៦ លានដុល្លារអាមេរិក៕ អត្ថបទ៖ហ្សាលីន

