ធនាគារជាតិ លើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សម្រាប់សាខាស្រុករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងខេត្ត៥ជាប់ព្រំដែន

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា បានលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ២០២៦ សាខាស្រុកមួយចំនួននៃខេត្ត ដែលរងផលប៉ះពាល់ពីការវាយប្រហាររបស់យោធាថៃតាមព្រំដែន ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមលិខិតលេខ ធ១៧.០២៦.០៤៨.ស.ជ.ណ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ដើម្បីសម្រាលបន្ទុកដល់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុដែលកំពុងរងផលប៉ះពាល់ខ្លាំងពីការវាយប្រហាររបស់យោធាថៃតាមព្រំដែន ធនាគារជាតិនៃកម្ពុជា សម្រេចលើកលែងសោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំ ២០២៦ សម្រាប់សាខាស្រុករបស់គ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុ ដែលមានទីតាំងក្នុងខេត្តចំនួន៥ រួមមាន ១/-ខេត្តព្រះវិហារ ២/-ខេត្តបន្ទាយមានជ័យ ៣/-ខេត្តឧត្តរមានជ័យ ៤/-ខេត្តពោធិ៍សាត់ និង៥/-ខេត្តបាត់ដំបង។

គួរឱ្យដឹងថា សាខាស្រុករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានទីតាំងក្នុងចំនួន៥រួមមាន៖១- ខេត្តព្រះវិហារ ( ស្រុកជ័យសែន ,ស្រុកឆែប ,ស្រុកជាំក្សាន្ត ,ស្រុកគូលែន , ស្រុករវៀង , ស្រុកសង្គមថ្មី) ២- ខេត្តបន្ទាយមានជ័យ (ស្រុកមង្គលបុរី , ស្រុកភ្នំស្រុក , ស្រុកព្រះនេត្រព្រះ ,ស្រុកអូរជ្រៅ , ស្រុកថ្មពួក ,ស្រុកស្វាយចេក ,ស្រុកម៉ាឡៃ) ៣- ខេត្តឧត្តរមានជ័យ ( ស្រុកអន្លង់វែង , ស្រុកបន្ទាយអំពិល , ស្រុកចុងកាល់ ,ស្រុកត្រពាំងប្រាសាទ )៤- ខេត្តពោធិ៍សាត់ ( ស្រុកវាលវែង )៥- ខេត្តបាត់ដំបង ( ស្រុកសំពៅលូន , ស្រុកកំរៀង , ស្រុកភ្នំព្រឹក , ស្រុកសំឡូត)។

គួរបញ្ជាក់ជូនថា បើយោងតាមប្រកាសលេខ ធ៧-០១៣-១២២ ប្រ.ក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ ស្តីពីការកំណត់សោហ៊ុយ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រការ ៥ បានចែងថា គ្រឹះស្ថាន ត្រូវបង់សោហ៊ុយអាជ្ញាបណ្ណប្រចាំឆ្នាំឱ្យបានមុនថ្ងៃទី១៥ ខែមករា រៀងរាល់ឆ្នាំ ។ គ្រឹះស្ថានដែលទទួលបានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតក្នុងឆ្នាំ ត្រូវបង់សោហ៊ុយអាជ្ញាបណ្ណ ក្នុងត្រីមាសទី១ : ត្រូវបង់ពេញមួយឆ្នាំ ក្នុងត្រីមាសទី២ : ត្រូវបង់បីត្រីមាស ក្នុងត្រីមាសទី៣ : ត្រូវបង់ពីរត្រីមាស ក្នុងត្រីមាសទី៤ : ត្រូវបង់មួយត្រីមាស៕