គណៈប្រតិភូក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញ បំណងពង្រីកប្រតិបត្តិការអាជីវកម្មទឹកស្អាតរបស់ខ្លួននៅកម្ពុជា។ តាមរយៈជំនួបកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ រវាង លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយ លោក Eguchi Tetsuro អភិបាលរងទីក្រុងគីតាគ្យូស៊ូ បានឱ្យដឹងថា គណៈប្រតិភូក្រុងគីតាគ្យូស៊ូ ប្រទេសជប៉ុន បានបង្ហាញចំណាប់អារម្មណ៍កាន់តែខ្លាំងរបស់វិស័យឯកជនជប៉ុនក្នុងអាជីវកម្មទឹកស្អាតនៅកម្ពុជា។

លោក ហែម វណ្ណឌី បានលើកឡើងថា កម្ពុជារីករាយដែលទីក្រុងគីតាគ្យូស៊ូបាននាំយកក្រុមហ៊ុនក្នុងវិស័យទឹកស្អាតជាច្រើនរបស់ជប៉ុនមកសហការជាមួយកម្ពុជា។ វិស័យនេះមានសារសំខាន់មិនត្រឹមតែសម្រាប់សុខភាពសាធារណៈ និងការប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជំរុញវិស័យធុរកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។”

លោកបន្តថា កាលពីខែតុលា ឆ្នាំ២០២៥ ទីក្រុងគីតាគ្យូស៊ូ និងសមាគម KOWBA បានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានប្រវត្តិតាំងពីឆ្នាំ១៩៩៦មក។
ជាមួយគ្នានោះ លោកអភិបាលរងទីក្រុង ក៏បានលើកឡើងថា៖ “ភាពជាដៃគូនេះមានលក្ខណៈរឹងមាំ និងយូរអង្វែង។ យើងសូមបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រកម្ពុជា ហើយនឹងប្តេជ្ញាចិត្តជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ដើម្បីបង្កើតសមិទ្ធផលជាក់ស្តែងរួមគ្នា។”

លោកបានបន្ថែមថា៖ “ក្រុមហ៊ុនរបស់យើងមានបំណងចូលមក និងពង្រីកប្រតិបត្តិការនៅកម្ពុជាសម្រាប់រយៈពេលវែង មិនមែនសំឡឹងប្រាក់ចំណេញរយៈពេលខ្លីនោះទេ។ យើងនឹងសហការជាមួយកម្ពុជាជាច្រើនឆ្នាំ និងច្រើនទសវត្សរ៍ទៅមុខ។”
គួរបញ្ជាក់ថា ទោះបីកម្ពុជា និងជប៉ុនបានសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាមួយគ្នា ក្នុងរយៈពេលប្រមាណបីទសវត្សរ៍កន្លងមកនេះ ប៉ុន្តែចំនួនគ្រួសារដែលនៅពុំទាន់ទទួលបានសេវាទឹកស្អាតនៅមានច្រើនទៀត ដែលបង្ហាញថា វិស័យនេះនៅតែជាអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា និងក៏ជាឱកាសសម្រាប់ធុរកិច្ចជប៉ុនផងដែរ ស្របពេលក្រសួងកំពុងបន្តពង្រឹងកំណែទម្រង់ និងបញ្ញត្តិកម្មក្នុងវិស័យនេះ តាមរយៈការវាយតម្លៃប្រតិបត្តិករទូទាំងប្រទេស និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត៕


